ល្បែងភ្នាល់ទឹកភ្លៀង និងបៀរអាប៉ោងនៅសង្កាត់អូរចារ បើកលេងយ៉ាងគគ្រឹកគគ្រេង

បាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ល្បែងភ្នាល់ ទឹកភ្លៀង និងបៀរ អាប៉ោង ដ៏ធំកំពុងតែលេងនៅចំណុចវាលស្រែមួយកន្លែង ស្ថិតភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចាប់ផ្តើមបើកលេងយ៉ាងរលូនបន្ទាប់ពីរដូវភ្លៀងដើមឆ្នាំ២០២០ នេះមកដល់។

ប្រជាពលរដ្ឋក្នុងភូមិសំរោង បានឲ្យដឹងថា ម្ចាស់ទីតាំងដែលបើកល្បែងភ្នាល់ទឹកភ្លៀង នឹងល្បែងស៊ីសងបៀរ អាប៉ោង ចំណុចខាងលើនេះត្រូវគេស្គាល់ត្រឹមតែឈ្មោះ តាល់ ពេលនេះ បានបើកទីតាំងល្បែងស៊ីសងខុសច្បាប់ នៅចំណុចខាងលើនេះ បានដោយរលូនមិនរំខានដល់ សមត្ថកិច្ច នោះ ទេ។ ហើយបើតាមការរៀបរាប់ថា ទីតាំងល្បែងស៊ីសងរបស់ឈ្មោះ តាល់ នេះ គឺគេបើកឲ្យអ្នកលេងភ្នាល់លើចំនួនទឹកប្រាក់ច្រើនៗ ពោលគឺបើឈ្នះៗរាប់ម៉ឺនដុល្លារ តែបើចាញ់ក៏ចាញ់ខ្ទង់ម៉ឺនដុល្លារដូចគ្នាដែរ។

ចំពោះករណីនេះ ក្រុមប្រជាពលរដ្ឋបានធ្វើការរិះគន់ទៅលើលោកអភិបាលខេត្តបាត់ដំបងស្នងការខេត្តព្រមទាំងមេប៉េអឹមខេត្ត ថា អសមត្ថភាពក្នុងការបង្ក្រាប ឬក៏មាន ចេតនាមិនបង្ក្រាបបនល្បែង ដុះស្លែរបស់ឈ្មោះ តាល់ នេះដោយទុកឲ្យទីតាំងល្បែងនោះដំណើរការដោយផ្ទុយពីគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២១ ខែឧសភា នេះ មិនអាចស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេ៕