កម្ពុជារកឃើញករណីជំងឺកូវីដ១៩ថ្មី ១ករណីទៀតលើស្ត្រីខ្មែរត្រឡប់មកពីអាមេរិក

ភ្នំពេញា ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ព្រលឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែលជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក។

ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩នោះ មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

ស្ត្រីរូបនេះ បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន។ ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅពេលនោះ។ គ្រូពេទ្យបានណែនាំឲ្យ​គាត់បន្តធ្វើចត្តាឡីស័កឲ្យ​គ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសាជាថ្មីម្ដងទៀត ដែលទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូម​បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះ ចំនួនអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប១២៤នាក់ ក្នុង​នោះព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន១២២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន០២នាក់ (ស្ត្រី០១នាក់ និងបុរស០១នាក់)៕