ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៣ ខែមិថុនានេះ ថា អ្នកដំណើរមកពីក្រៅប្រទេសនានា ត្រូវរៀបចំឱ្យទៅកន្លែងពិនិត្យនៅទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន។
លោកស្រី យក់ សម្បត្តិ បានបន្តទៀតថា មន្ត្រីក្រុមការងារអន្តរក្រសួងបានធ្វើការងារជាមួយសាលារាជធានីភ្នំពេញ ទៅពិនិត្យទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពីម្សិលមិញរួចហើយដើម្បីត្រៀមរៀបចំទទួលអ្នកដំណើរមកពីបណ្ដាប្រទេសនានា ក្នុងនោះ មានពលករខ្មែរធ្វើការនៅប្រទេសកូរ៉េផងដែរ ដោយក្នុងចំណោម ៦ ជើងហោះហើរនៅថ្ងៃនេះ។
ដើម្បីការពារទប់ស្កាត់ជំងឺ COVID-19 ចូលមកកម្ពុជា ដោយកន្លងមកអ្នកជំងឺ COVID-19 សុទ្ធសឹងតែជាករណីនាំចូល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានត្រៀមវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មួយកន្លែងបន្ថែមទៀត សម្រាប់ត្រួតពិនិត្យសុខភាពអ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជាវិញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កន្លងមកនៅរាជធានីភ្នំពេញ មានកន្លែងត្រួតពិនិត្យសុខភាពនៅក្នុងទ័ពអាកាស ជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានចំនួន ១០០គ្រែ និងមណ្ឌលសុខភាពនៅចាក់អង្រែក្រោមចំនួន ១០០គ្រែ ហើយសម្រាប់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មានចំនួន ២០០គ្រែ។ ដូចនេះចំនួនសរុបមានចំនួន ៤០០គ្រែ សម្រាប់ទទួលអ្នកដំណើរ ដែលត្រូវមកពិនិត្យសុខភាព៕