ថ្ងៃនេះអ្នកជំងឺកូវីដ១៩ម្នាក់បានជាសះស្បើយ និងមិនមានករណីថ្មីនោះទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្ដីជូនព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និងមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។

អ្នកជំងឺដែលជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានវិលត្រឡប់មកពីប្រទេសបារាំងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង។ បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន១២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន១នាក់ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន៕