ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៧.៣លាននាក់ ស្លាប់ជាង៤១ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,៣១១,៧៣០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤១៣,០០៣នាក់ និងជាសះស្បើយឡើងវិញ ៣,៥៩៤,៧៣០នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០៤៥,១០៥នាក់ ស្លាប់ចំនួន ១១៤,១៥៤នាក់ និងជាសះស្បើយចំនួន ៧៨៤,៤៩៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៧៤២,០៨៤នាក់ ស្លាប់ចំនួន ៣៨,៤៩៧នាក់ និងជាសះស្បើយ ៣២៥,៦០២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៨៥,២៥៣នាក់ ស្លាប់ ៦,១៤២នាក់ និងជាសះស្បើយ ២៤២,៣៩៧នាក់៕