WHO ៖ ពិភពលោក​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​នៃ​ការផ្ទុះ​ឡើង COVID-19

​បរទេស ៖ អង្គការ​សុខភាព​ពិភពលោក ​(WHO) ​បាន​និយាយថា ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​នៃ​ការ​ផ្ទុះឡើង​យ៉ាងខ្លាំង​បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​ថ្មី​ជាង ១៥០,០០០​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុង​មួយថ្ងៃ ចាប់តាំងពី​ការផ្ទុះ​ឡើង​ដំបូង​នា​ចុងឆ្នាំ​២០១៩ ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ជាក់ស្តែង​ពី​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​“ ពិភពលោក​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​នៃ​គ្រោះថ្នាក់​”​។ វីរុស​នៅតែ​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​មនុស្ស​ភាគច្រើន​នៅតែ​ងាយ​រងគ្រោះ​។​

​ចំណែក​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប លោក​វេជ្ជបណ្ឌិត ហាន ក្លាក់ បាន​និយាយថា​៖ រលក​ទី​ពីរ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩ អាច​កើតមាន​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​។ ដូច្នេះ អ្វីដែល​យើង​ត្រូវធ្វើ គឺត្រូវធ្វើ​តេស្ដ​អ្នក​សង្ស័យ​ឆ្លង​ឲ្យ​បាន​ឆាប់​បំផុត និង​ដាក់​ពួកគេ​ដាច់ដោយឡែក​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ប្រសិនបើ​ត្រូវ​ព្យាបាល គឺ​មិនត្រូវ​មានការ​មាក់ងាយ ឬរើសអើង​នោះឡើយ​។​

​សូមជម្រាបថា គិត​មកដល់ពេលនេះ ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាលដាល​ទៅលើ​ប្រទេស និង​ដែនដី​សរុប​ចំនួន ២១៣ ជុំវិញ​ពិភពលោក ជាមួយនឹង​ករណី​ឆ្លង​សរុប​ចំនួន ៨,៧៥៧,៧៥០​នាក់​។ ក្នុងនោះ​ស្លាប់​ចំនួន ៤៦២,៥១៩​នាក់ និង​ជាសះស្បើយ​ចំនួន ៤,៦២៥,៤៤៩​នាក់​៕