ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមរយៈហ្វេសប៊ុកផេក សម្តេចតេជោបានសរសេរថា នៅព្រឹកថ្ងៃទី ២២ មិថុនា នេះ ខ្ញុំនឹងទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សម្តេចបន្តថា នៅពេលនេះការសាសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចឲ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ សង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។
សម្តេចបន្តទៀតថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានោះ សម្តេចក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនឹងចៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕