វ៉ាស៊ីនតោន ៖ ទីប្រឹក្សាពាណិជ្ជកម្មនៅសេតវិមានលោក Peter Navarro បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនបានចប់ហើយ ដោយលោកផ្សារភ្ជាប់ជាមួយកំហឹងសហរដ្ឋអាមេរិកទៅលើប្រទេសចិន ដែលត្រូវបានអាមេរិកចោទប្រកាន់ថា មិនបានធ្វើការព្រមានឲ្យទាន់ពេល ចំពោះឥទ្ធិពលដ៏អាក្រក់នៃជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
នៅពេលដែលត្រូវបានគេសួរអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន លោក Navarro បានប្រាប់ Fox News ថា“ វាចប់ហើយ”។ មន្ត្រីជាន់ខ្ពស់សេតវិមានខាងលើនេះ ថែមទាំងបានចោទប្រទេសចិនទៀតថា បានបណ្តែតបណ្តោយឲ្យមនុស្សម្នាធ្វើដំណើរដោយសេរី មកកាន់សហរដ្ឋអាមេរិក ដើម្បីចម្លងជំងឺនេះមកកាន់សហរដ្ឋអាមេរិក ដោយមិនមានការព្រមានទុកជាមុនជាដើម។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនបានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩ដែលបានផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលបានបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិកយ៉ាងខ្លាំង។ ទោះជាបែបនេះក្តី ប្រទេសចិនជារឿយៗ បានចេញមុខទាត់ចោលការចោទប្រកាន់ ពីសំណាក់ ប្រទេសមួយចំនួនជាពិសេសអាមេរិក អំពីចេតនាបង្កឲ្យវីរុសរីកសាយភាយលើលោក។
សូមជម្រាបថា នៅពេលដែលវីរុសកូរ៉ូណាថ្មី ផ្ទុះឡើងដំបូងនៅប្រទេសចិនកាលពីចុងឆ្នាំ២០១៩ និងបានសម្លាប់ប្រជាជនចិនរាប់ពាន់នាក់ទៅហើយ ឈានមកដល់ដើមឆ្នាំ២០២០ នោះ ប្រទេសមួយចំនួន និងសហរដ្ឋអាមេរិកផ្ទាល់ ទើបតែមានករណីឆ្លងប៉ុន្មានករណីប៉ុណ្ណោះ ខណៈការបិទទីក្រុងវូហាន ដោយអាជ្ញាធរចិន ដើម្បីរាំងខ្ទប់ជំងឺ COVID-19 មិនឆ្លងទៅកាន់ខេត្តផ្សេងៗ ឬពិភពលោកនោះ បែរជាបានទទួលការរិះគន់ខ្លាំងៗថា ជាទង្វើរំលោភសិទ្ធិមនុស្សទៅវិញ៕