ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ឈ្មោះផ្លូវ និងលេខផ្លូវក្នុងក្រុងសៀមរាប។ ផ្លូវក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សា និងរៀបចំមានចំនួន១៨១៦ខ្សែ ក្នុងនោះផ្លូវប្រមាណជាង ៥០ខ្សែត្រូវបានដាក់ឈ្មោះ។
កិច្ចប្រជុំ ក៏បានឯកភាពលើការកំណត់លេខផ្លូវបានកំណត់ជាប្លុកចំនួន៤ប្លុក ក្នុងនោះប្លុក (ក) មានចំនួន ៥៧៥ខ្សែ ប្រវែងសរុប ១១៤ ៦០០ម៉ែត្រ , ប្លុក (ខ) មាន ចំនួន ៣០៥ខ្សែ មានប្រវែងសរុប ១៤៨ ៩៩០ម៉ែត្រ , ប្លុក (គ) មានចំនួន៤៤០ខ្សែ មានប្រវែងសរុប ១៣៤ ៣៨០ម៉ែត្រ និង ប្លុក (ឃ) មានចំនួន៤៩៦ខ្សែ មានប្រវែងសរុប ១១៥ ៦៣០ម៉ែត្រ។
ដោយឡែក ឈ្មោះផ្លូវត្រូវធ្វើការកែសម្រួលមួយចំនួនដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន, សប្បុរសជន និង ឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ តាមវប្បធម៌ និងឈ្មោះពីបុរាណ និងទៅតាមទម្លាប់មួយចំនួន ហើយត្រូវស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនផងដែរ។
លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវថ្នល់ គម្រោងប្លង់ និង កំណត់គម្រោង សាងសង់ ស្តារឡើងវិញ ក្នុងការកែលម្អ ពង្រីក និង ថែទាំផ្លូវថ្នល់ ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក្នុង ការស្នើសុំគោលការណ៍ឯកភាពពីរដ្ឋាភិបាលផងដែរ។ ដូចនេះ រដ្ឋបាលខេត្តនឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវលេខផ្លូវ និងឈ្មោះផ្លូវនាពេលឆាប់ៗ ខាងមុខនេះ៕