កូរ៉េខាងជើងសម្រេចផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង

សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធទី ២៤ ខែមិថុនានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្តាលរបស់គណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចបានសម្រេចចិត្តផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មាន CNA។

ប្រភពពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏ត្រូវបានដកស្រង់បន្ថែមទៀតដែរថា ក្រៅពីការប្រកាសផ្អាកសកម្មភាពយោធា ទីក្រុងព្យុងយ៉ាងក៏បានរៀបចំ ដំណោះស្រាយផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ នៅក្នុងពេលធ្វើសង្គ្រាមផងដែរ។ ការសម្រេចចិត្តរបស់កូរ៉េខាងជើង បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីខ្លួនបានប្រកាសថា នឹងបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងវិញចំនួន ១២លានសន្លឹក ជាការសងសឹកឲ្យសមតម្លៃ ចំពោះអ្វីដែលកូរ៉េខាងត្បូងបានធ្វើ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រែជាតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីក្រុមជនជាតិកូរ៉េខាងជើង ដែលរស់នៅនិរទេសក្នុងទឹកដីកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាបង្ហោះបាឡុងមានផ្ទុកខិត្តប័ណ្ណ ប្រឆាំងមេដឹកនាំកំពូលកូរ៉េខាងជើង នៅតាមតាមតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ។

ជាការឆ្លើយតបកូរ៉េខាងជើងបានបំផ្ទុះអគារ ការិយាល័យទំនាក់ទំនង ២៤ម៉ោងរវាងកូរ៉េទាំងពីរ ដែលត្រូវបានដំណើរការកាលពីឆ្នាំ២០១៨ និងប្រកាសដាក់ពង្រាយយោធានៅតាមចំណុចព្រំដែនមួយចំនួន នៅជាប់កូរ៉េខាងត្បូងឡើងវិញ។ ប៉ុន្តែតាមរយៈសេចក្តីប្រកាសខាងលើនេះ ការដាក់ពង្រាយយោធាត្រូវបានផ្អាកវិញហើយ៕