រឿង​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ACU នាំខ្លួនអភិបាលរងខេត្ត​ម្នាក់មក​សួរនាំ​

ភ្នំពេញ ៖ តាម​ព័ត៌មាន​ទទួលបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) បាន​នាំខ្លួន លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង មក​សាកសួរ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​ដ៏​រសើបនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ការនាំ​ខ្លួន​អភិបាលរង​រូបនោះ​គឺធ្វើឡើង កាលពី​ម្សិលមិញ​ដោយ​នាំមក​ទីស្នាក់ការ ACU តែម្តង​។

​សូមជម្រាបថា លោក ស៊ូ អា​រ៉ា​ក់​ហ្វា​ត់ ក៏​ធ្លាប់​ធ្វើជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ នេះ​ផងដែរ​។ នេះ​ជាការ​នាំខ្លួន​មន្ត្រី​សំខាន់ៗ ដែល​គេ​ដឹងថា បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហាដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែល​កាលពី​ថ្មីៗ នេះ ACU ក៏បាន​នាំខ្លួន​និង​ឃុំខ្លួន​ឧកញ៉ា សង ថន ម្នាក់​រួចមកហើយ ហើយក៏​មានការ​ដកតំណែង​ស្រុក​ថែមទៀត។​

​មន្ត្រី ACU បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ថា ការឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈដែល​ឧកញ៉ា​នេះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ​ទាំងមូល​។ នេះ​ក៏​ជាការ​បង្ហាញ​នូវ​ភាពមិនប្រក្រតី​ផងដែរ​ក្នុង​ការចេញ​ឯកសារ​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ។​

​សូមជម្រាបថា កាលពី​ថ្មីៗ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បានចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ដែល​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​នេះ៕