សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្

ភ្នំពេញ ៖ យោងតាម Facebook របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃនេះ​បាន​សរសេរ​ឲ្យ​ដឹងថា « នៅ​ថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅ​លើ​ទីតាំង​ដី​ដែលជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ ដូចជា​នៅ​កោះកុង ព្រះវិហារ​ជាដើម​…​ដែលមាន​ពលរដ្ឋ​បានមក​ធ្វើ​ផ្ទះ​រស់នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មកហើយ​។​ ព្រោះ​កន្លងមក រដ្ឋ​មានតែ​ដី​ក្នុង​ផែនទី​ទេ។

​សម្តេច​បញ្ជាក់ថា តាមពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅដ្ឋាន​រស់នៅ​បង្កើត​កូនចៅ​រាប់សិប​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី​ទាំងនោះ​។ នេះ​ជាការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​អោយ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅទៀត​។ ទន្ទឹមនឹងនេះ សូម​កុំអោយ​ពលរដ្ឋ​ពង្រីក​ថែមទៀត ព្រោះ​ត្រូវការ​រក្សាទុក​ព្រៃ​សហគម​ខ្លះ​នៅ​ជិតៗ​ដើម្បី​ជា​ប្រយោជន៍​សហគម​រស់នៅ​ផងដែរ​។​​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី ត្រូវ​ដោះស្រាយ​អោយដាច់​ស្រេច​ក្នុង​តែ​ប៉ុន្មាន​ខែ​ខាងមុខ​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវ​ធ្វើអោយបាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​បំផុត​៕