វ៉ាស៊ីនតោន ៖ សារព័ត៌មាន CNBC ចេញផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple នឹងបិទ ហាង៣០កន្លែងបន្ថែមទៀត នៅត្រឹមថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនហាងត្រូវបិទទ្វារនៅសហរដ្ឋ អាមេរិក កើនដល់៧៧កន្លែង ខណៈដែលករណីឆ្លង COVID-19 នៅតាមតំបន់មួយចំនួននៃប្រទេសនេះ កំពុងតែលោតឡើងវិញយ៉ាងឆាប់រហ័ស។
បើតាមសេចក្តីថ្លែងការណ៍របស់ Apple ហាងរបស់ក្រុមហ៊ុននៅរដ្ឋអាឡាបាម៉ា, កាលីហ្វរញ៉ា, ចចជា, ល្វីសាណា, ណេវ៉ាដា និងអូក្លាហូម៉ា នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍នេះ ខណៈគិតត្រឹមថ្ងៃពុធ ហាង Apple នៅរដ្ឋផ្លូរីដា, មីស៉ីស៉ីពី, តិចសាស់ និងយូតា ត្រូវបានបិទរួចជា ស្រេច។ ក្រុមហ៊ុន Apple មានហាងសរុបចំនួន២៧១កន្លែង នៅទូទាំងសហរដ្ឋអាមេរិក។
សូមជម្រាបថា Apple ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងៗគេ ដែលបានបិទទ្វារហាងរបស់ខ្លួន នៅជុំវិញពិភពលោក ដើម្បីឆ្លើយតប ចំពោះការរីករាលដាលនៃជំងឺឆ្លងជាសកល COVID-19។ បន្ទាប់ពីស្ថានការណ៍បានធូរស្រាលបន្តិច Apple ក៏បានសម្រេចបើកទ្វារហាងឡើងវិញដោយ ការប្រុងប្រយ័ត្ន ប៉ុន្តែឥឡូវការហាក់កើនឡើងខ្លាំងសាជាថ្មី នៃករណីឆ្លង COVID-19 នៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បានបង្ខំឲ្យ Apple បិទហាងម្តងទៀត៕