បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,១៥៥,០៩២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៥១,១៦៧នាក់ និងជាសះស្បើយឡើងវិញ ៧,០២៤,៧៦៥នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,១៥៨,៥២៦នាក់ ស្លាប់ចំនួន ១៣៤,៨៤១នាក់ និងជាសះស្បើយចំនួន ១,៣៩២,១៩៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៧១៦,១៩៦នាក់ ស្លាប់ចំនួន ៦៨,០៥៥នាក់ និងជាសះស្បើយ ១,១១៧,៩២២នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ៧៦៩,០៥២នាក់ ស្លាប់ ២១,១៤៤នាក់ និងជាសះស្បើយ ៤៧៦,៥៥៤នាក់៕