ខេត្តព្រះសីហនុ ៖ អ្នកដំណើរមកដល់តាមជើងយន្តហោះពីប្រទេសចិន មកកាន់ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ មានចំនួន ២៤ជើង មានអ្នកដំណើរសរុបចំនួន ជាង២០០០ នាក់ ក្នុងនោះស្រី ៦៨១នាក់ ដែលអ្នកដំណើរទាំងនោះ គឺជាអ្នកវិនិយោគនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមការឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
លោក ឃាង ភារម្យ បានប្រាប់ភ្នាក់ងារ សារព័ត៌មាន អាស៊ីអាគ្នេយ៍ ឱ្យដឹងថា ចំនួននៃការមកដល់អ្នកវិនិយោគចិននេះ បានធ្វើឱ្យព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានសកម្មភាពហោះហើរឡើងវិញកាន់តែច្រើន ជាពិសេសសេដ្ឋកិច្ចនៅក្នុងខេត្តនេះ នឹងចាប់ផ្តើមកម្រើកឡើងវិញ។ រាល់អ្នកដំណើរទាំងអស់ ដែលមកដល់ ត្រូវបានដាក់ឱ្យស្ថិតនៅកន្លែងចត្ថាឡីស័ក្តបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក មុននឹងអនុញ្ញាតឱ្យពួកគេចេញចរាចរណ៍នៅទីតាំងអាជីវកម្ម។
អ្នកនាំពាក្យសាលាខេត្ត បានចាត់ទុក ការមកដល់នៃអ្នកវិនិយោគនេះ បានធ្វើឱ្យខេត្តព្រះសីហនុ មានមនុស្សចេញចូលច្រើនជាងមុន ហើយចរន្តនៃការចាយលុយ ក៏មានចរាចរណ៍សកម្មតាមនោះដែរ។ ចំណែកសេដ្ឋកិច្ចខេត្តព្រះសីហនុ អាចនឹងល្អប្រសើរមួយកម្រិតឡើងវិញ ទោះបីមិនល្អប្រសើរដូចមុនក៏ដោយ។
សូមបញ្ជាក់ថា វិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ បាននិងកំពុងធ្វើការអភិវឌ្ឍ ប៉ុន្តែត្រូវទទួលរងនូវផលប៉ះពាល់ តាំងពីអំឡុងបុណ្យចូលឆ្នាំចិន ហើយរួមផ្សំជាមួយការបិទអាជីវកម្មហ្គេមអនឡាយ និងវិបត្តិវីរុសកូវីដ១៩(Covid-19) បានធ្វើឱ្យវិស័យមួយនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរ។ បច្ចុប្បន្នខេត្តមាត់សមុទ្រមួយនេះ បានចាប់ផ្តើមមានសង្ឃឹមក្នុងស្តារវិស័យទេសចរណ៍ ពាណិជ្ជកម្មឡើងវិញហើយ៕