រុស្ស៊ី បញ្ចប់ការសាកល្បងវ៉ាក់សាំង COVID-19 លើមនុស្សដោយជោគជ័យ

ម៉ូស្គូ ៖ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង លើមនុស្សដោយភាពជោគជ័យលើវ៉ាក់សាំង COVID-19 ខណៈដែលពិភពលោកកំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍវ៉ាក់សាំងមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន India.com។

លោក Vadim Tarasov នាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្របានធ្វើការបញ្ជាក់ពីការវិវឌ្ឍនៃការសាកល្បងនេះ ដោយបន្ថែមទៀតថា ក្រុមអ្នកស្ម័គ្រចិត្ត ដំបូងនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។

សូមជម្រាបថា ការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេ នៅលើពិភពលោកត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov និងបានបញ្ចប់ដោយភាពជោគជ័យ។ សាកលវិទ្យាល័យ Sechenov បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាស្ថាប័នអប់រំ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបាន ចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំង និងផលិតផលវេជ្ជសាស្រ្តផៀតទៀត ខណៈដែលការព្យាបាលសាកល្បងបន្តកំពុងដំណើរការ។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមច្បាស់ការថាតើវ៉ាក់សាំងនេះ នឹងដាក់លក់នៅលើទីផ្សារនៅពេលណានោះទេ៕