ខេត្តព្រៃវែង ៖ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបញ្ជាក់ផ្លូវការ ពីថ្ងៃឈប់សម្រាក សងជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧-២១ សីហា ខាងមុខនេះ។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឱ្យ ឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជាទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ៕