ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ទៅលើ រថយន្តកុងតឺន័រ ដែលឈប់ចតគ្មានសណ្តាប់ធ្នាប់ នៅលើវិថីផែ ត្រង់ចំណុចមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា ចំពោះការចត របស់រថយន្តកុងតឺន័រ នៅចំណុចខាងលើនេះ គឺនាំឲ្យប៉ះពាល់ដល់ការកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសនាំឲ្យបាត់បង់ នូវសោភ័ណភាព ក្រុងទេសចរណ៍មួយនេះមួយផ្នែកផង ដែលទាមទារឲ្យអាជ្ញាធរ ត្រូវមានវិធានការក្តៅ ទៅលើអ្នកបើករថយន្ត ឬម្ចាស់ក្រុមហ៊ុនរថយន្តកុងតឺន័រទាំងនោះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានប្រសើរឡើង។
យ៉ាងនេះក្តី គេសង្កេតឃើញថា ចំពោះវិធានការរបស់សមត្ថកិច្ចនគរបាល ក៏ដូចជាចំណាត់ការ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ទៅលើរថយន្តកុងតឺន័រ ដែលចតគ្មានសណ្តាប់ធ្នាប់ទាំងនោះ ហាក់មិនមានប្រសិទ្ធភាព បានយូរអង្វែងនោះទេ ពោលគឺមានសណ្ឋាន ដូចវែកចកក្នុងបឹង ឬទន្លេអញ្ចឹងដែរ។
ចំពោះការបណ្តែតបណ្តោយ របស់អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ឲ្យមានរថយន្តកុងតឺន័រ ចតគ្មានសណ្តាប់ធ្នាប់ នៅតាមផ្លូវមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមិនព្រមមានចំណាត់ការផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពនេះ ក៏ធ្លាប់ទទួលរង នូវការរិះគន់ពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកធ្វើដំណើរផងដែរ៕ ដោយ ៖ មនោរាហ៍