មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបើកកិច្ចប្រជុំស្ដីពីពង្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០~២០២៨

     ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃ  ព្រហស្បតិ៍ ១១រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ ឆ្នេរថ្មីក្រុងព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុមានរៀបចំ ប្រារព្វ ពិធីបើក កិច្ចប្រជុំស្ដីពី កិច្ចពិគ្រោះយោបល់ពង្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០២០~២០២៨។ ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលព្រះសីហនុ និងមានការ ចេញ ចូលរួមពីស្ថាប័ន ពាក់ព័ន្ធផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍ថា៖   វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាវិស័យអាទិភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជា“មាសបៃតង” ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចបៃតង។ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព និងការទទួល

ខុសត្រូវរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍន៍ថែរក្សាការពារ និងអភិរក្សបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ការរីកលូតលាស់នៃវិស័យទេសចរណ៍ ជួយលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិការពង្រឹង និងពង្រីកមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ។

លោក តាំង សុចិត្រគ្រឹស្នា បានបន្តថា៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ២០២០២០២៨ គឺជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ដែលមានចក្ខុវិស័យច្បាស់លាស់សម្រាប់កិច្ចអភិវឌ្ឍន៍ទេសចរណ៍ និងផ្នែកពាក់ព័ន្ធនៃខេត្តព្រះសីហនុរួមមានការអភិវឌ្ឍផលិតផលទេសចរណ៍ការតភ្ជាប់ និងសម្រួលការងារធ្វើដំណើរដឹកជញ្ជូនទេសចរណ៍ ពិសេសខេត្តព្រះសីហនុនឹងក្លាយជាខេត្តដ៏សំខាន់មួយនៃតំបន់ឆ្នេដែលមានការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រជាមួយ ប៉ូលទេសចរណ៍ សំខាន់ៗទាំងក្នុងប្រទេស និងអន្តរជាតិ។
ដូចគ្នានេះដែរ លោក ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុបានមានប្រសាសន៍ថា៖ ជំនួសមុខអោយ គណៈអភិបាលខេត្ត និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ លោក មានសេចក្តីសោមនស្ស

រីករាយយ៉ាងក្រៃលែង ចំពោះការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ២០២០-២០២៨ និងទទួលបានការគាំទ្រផែនការយុទ្ធសាស្ត្រ។ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុគឺជាឯកសារដ៏មានសារៈសំខាន់ និងជាត្រីវិស័យសម្រាប់ចង្អុលបង្ហាញការអភិវឌ្ឍវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធក្នុងខេត្តព្រះសីហនុប្រកបដោយនិរន្តភាព ប្រសិទ្ធភាពគុណភាព និងការទទួលខុសត្រូវ។

លោក ម៉ាង ស៊ីណេត បានបន្តថា៖ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់និងចាត់ទុកជាគោលដៅចម្បងព្រោះថាខេត្តព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបីមានខេត្តសៀមរាប រាជធានមកភ្នំពេញ និងខេត្តព្រះសីហនុ និងបានប្រកាសប្រែក្លាយទៅជាខេត្ត (តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង) សម្រាប់កម្ពុជា។

ស្របតាមគោលដៅនៃយុទ្ធសាស្ត្រ នេះ រដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍជាជំហានៗតាមលទ្ធភាព និងធនធានដែលមានដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តក្នុងនោះវិស័យទេសចរណ៍ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញទេសចរតំបន់ឆ្នេរ ដែលមានសក្តានុពលខ្លាំងលើផ្នែកទេសចរណ៍សមុទ្រ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តធម្មជាតិ និងសហតមន៍ទេសចរណ៍ ជាពិសេសខេត្តព្រះសីហនុត្រូវបានទទួលស្គាល់ថាជាតំបន់S3 (Sea, Sun and Sand) និងជា តារារះនាទិសនិរតី ដែលស្ថិតក្នុងទីតាំងភូមិសាស្ត្រមានលក្ខណៈអំណោយផលខ្ពស់ក្នុងការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងបណ្តាប្រទេសក្នុងតំបន់តាមរយៈផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។

លោក ម៉ាង ស៊ីណេត បានបន្ថែម ទៀតថា៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុមានគោលបំណង និងមានគោលដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ការបង្កើត និងកែលម្អផលិតផលទេសចរណ៍ ជំរុញការអនុវត្តសកម្មភាព និងលើកម្ពស់ការទទួលខុសត្រូវរបស់ផ្នែកពាក់ព័ន្ធរួមមានផ្នែកសាធារណៈ ផ្នែកឯកជន សហគមន៍ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវផលប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការបង្កើត ឱកាសការងារ ប្រាក់ចំណូលជូន ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ៕ ដោយ ៖ មនោរាហ៍