ឥណ្ឌា ៖ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់៥០នាក់បានស្លាប់ និងជាង៣លាននាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលកើតចេញមកពីភ្លៀងធ្លាក់ខ្លាំងក្នុងខែវស្សានៅរដ្ឋអាសាម (Assam) ភាគពាយព្យ ប្រទេសឥណ្ឌា។
ភ្លៀងធ្លាក់ខ្លាំងបានជន់លិចភូមិរាប់ពាន់ ហើយជំរំផ្តល់ជំនួយរាប់រយត្រូវបានបង្កើតឡើងដើម្បីផ្តល់ជម្រកដល់អ្នកដែលបានភៀសខ្លួនចេញពីលំនៅដ្ឋាន។ ភ្លៀងធ្លាក់ខ្លាំងក្នុងខែវស្សាតែងកើតមាននៅក្នុងរដ្ឋអាសាម ប៉ុន្តែនៅឆ្នាំនេះភ្លៀងធ្លាក់ខ្លាំងបានកើតឡើងស្របពេលដែលប្រទេសឥណ្ឌាកំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។
ក្រុមមន្រ្តីបាននិយាយដែរថា ឧទ្យានជាតិកាហ្ស៊ីរ៉ាន់ហ្គា (Kaziranga) នៅក្នុងរដ្ឋនេះដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូត្រូវបានលិចលង់ ហើយសត្វព្រៃយ៉ាងហោចណាស់៥១ក្បាលបានងាប់។ ក្រុមមន្ត្រីបានជួយសង្គ្រោះសត្វចំនួន១០២ក្បាល និងបានថាសត្វខ្លា និងសត្វរមាសមួយចំនួនបានវង្វេងចូលក្នុងភូមិក្បែរៗនោះដើម្បីគេចពីទឹកជំនន់។ ឧទ្យានជាតិកាហ្ស៊ីរ៉ាន់ហ្គា មានសត្វរមាសកុយមួយរស់នៅក្នុងនោះប្រហែល២ភាគ៣ នៃ ចំនួនសត្វរមាសកុយមួយសរុបនៅទូទាំងពិភពលោក៕