ភ្នំពេញ ៖ គិតត្រឹមម៉ោង៩ និង៣០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ហើយក៏មិនមានជាសះស្បើយឡើយ ដូច្នេះចំនួនសរុបកូវីដ-១៩ ចំនួន១៧១ នាក់ដដែល ចំនួនសំរាកនៅពេទ្យ៣៥នាក់ ចំនួនជាសះស្បើយសរុបចំនួន១៣៦នាក់ និងស្លាប់គ្មាន។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
ទោះបីបែបនេះក្តី CDC បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ ទន្ទឹមនោះត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ ទន្ទឹមនោះយើងបានធ្វើតេស្តចំនួន៥២៥០២នាក់ ស្មើនឹង៣១៦២ ក្នុង១លាននាក់៕