រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃច័ន្ទនេះថាការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដែលអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជំងឺឆ្លង និងមីក្រូសារពាង្គកាយរុស្ស៊ី Gamaleya រួមគ្នាជាមួយក្រសួងការពារជាតិរុស្ស៊ី បានបិទបញ្ចប់ហើយនៅឯមន្ទីរពេទ្យយោធា Burdenko ដោយលទ្ធផលបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព និងគុណភាពគួរឱ្យទុកចិត្តបាន។
នៅព្រឹកថ្ងៃដដែលលោក Sergey Borisevich ប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកណ្តាលទី ៤៨ នៃក្រសួងបានប្រាប់កាសែត Krasnaya Zvezda ថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្សនៅរុស្ស៊ីបានបញ្ចប់ហើយ នៅឯមន្ទីរពទ្យ Burdenko នៅថ្ងៃចន្ទនេះ ខណៈក្រុមអ្នកចូលរួមស្ម័គ្រចិត្តទី ២ និងចុងក្រោយ មានសមាជិក ២០នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
លោក Borisevich បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវនៅត្រូវការពេលសិក្សាជាច្រើនទៀត ប៉ុន្តែលទ្ធផលនៃការធ្វើតេស្ដនេះបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព និងគុណភាពគួរឱ្យទុកចិត្តបាន ដោយសារតែវាអាច បង្កើតអង់ទីករប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីបាន៕