អាជ្ញាធរខេត្តកំពង់ចាម មិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ.សង្កាត់ដោសារខ្វះក្រមសីលធម៌

កំពង់ចាម ៖ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត បានអះអាងថា អាជ្ញាធរខេត្តបានចេញសេចក្តីសម្រេចមិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ប្រធានក្រុមហ៊ុនឈ្មោះ អាន សុខលាង ដែលបានចុះក្នុងបញ្ជីឈ្មោះជាអ្នកទទួលគម្រោងក្នុងឆ្នាំ២០២០ លេខរៀងទី០៩ នៃខេត្តកោះកុង ចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ .សង្កាត់ ក្នុងខេត្តកំពង់ចាម ទៀតទេ មូលហេតុដោយក្រុមហ៊ុននេះមានចេតនាមកបង្កការអុកឡុក ក្នុងកិច្ចប្រជុំបេីកសំណេីដេញថ្លៃនៅស្រុកចំការលើ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗ នេះ។

ការលេីកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបេីកសំណេីដេញថ្លៃគម្រោងមូលនិធិ ឃុំចំនួន ៣គម្រោងនៅសាលាស្រុក កោះសូទិន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ខណៈក្រុមហ៊ុនដទៃជា ច្រើនទៀតដែលបានគោរពតាមក្រមសីលធម៌នៃកិច្ចប្រជុំដេញថ្លៃ និងការកំណត់់បែបបទនៃការចូលរួមប្រកួតប្រជែងក្នុងការដេញថ្លៃនេះផងដែរ ។

លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា ចំពោះអ្នកទទួលការទាំងអស់ ប្រសិនបើត្រូវរកឃើញថា អ្នកដេញថ្លៃមានការពាក់ព័ន្ធ នឹងការឃុបឃិត ការក្លែងបន្លំ ការប្រព្រិត្តអំពើពុករលួយ ឬបង្កការអុកឡុកណាមួយ គឺអ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។

ជាក់ស្ដែង បន្ទាប់ពីមានចេតនាបង្កការអុកឡុកក្នុងកិច្ចប្រជុំបេីកសំណេីដេញថ្លៃហើយនោះ លោក អាន សុខលាង ប្រធានក្រុមហ៊ុន អាន សុខលាង ត្រូវបានអាជ្ញាធរចេញសេចក្ដីសម្រេចមិន អនុញ្ញាតឲ្យមានសិទ្ធិចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ .សង្កាត់ដោយផ្ទាល់ ឬដោយប្រយោល ឬជា តំណាងក្រុមហ៊ុនផ្សេងទៀតក្នុងខេត្តកំពង់ចាម ជារៀងរហូត ។

គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន ៣ខ្សែដែលត្រូវ ស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងនោះមាន ១-ឃុំកោះសូទិន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥៤ ម ទទឹង ៤ម កម្រាស់ ០.១៥ម នៅភូមិទី៣ ។ ២-កំពង់រាប សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣១០ម ទទឹង ៤ម នៅភូមិកោះចិនលើ។ ៣-ឃុំ មហាខ្ញូង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៩០ ម ទទឹង៥ម នៅភូមិអង្គរជ័យ។

លោក អាន សុខលាង ដែលជាប្រធានក្រុមហ៊ុន អាន សុខលាង មិនអាចទាក់ទងសុំការពន្យល់បានទេ ​ពាក់ព័ន្ធនឹងការមិនអនុញ្ញាតឲ្យចូលដេញថ្លៃគម្រោងខាងលើនេះ៕