ភ្នំពេញ ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (H.E.Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
លោកជំទាវ បានស្វាគមន៍ និងអបអរសាទរចំពោះ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ និងឆ្នាំ២០២០ នេះគឺជាខួបគម្រប់៦០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតន:កោដ្ឋ ព្រះបាទនរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ រហូតដល់ពេលបច្ចុប្បន្ន។
លោកជំទាវ អនុប្រធានរដ្ឋសភា បានលើកឡើងបន្តថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងនៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាច មួយចំនួននាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញដោយបានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជាជួយស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាពដ៏ប្រពៃក្នុងគ្រាដែលក្រលំបាក។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើការលប់បំបាត់រនាំង ឬឧបសគ្គនានាដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា។
លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស បានសម្តែងនូវក្តីរីករាយនាឱកាសនៃជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភាជាស្រ្តី ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីភាពអង់អាច និងសមត្ថភាពដ៏រឹងមាំរបស់ស្រ្តីកម្ពុជាក្នុងកិច្ចការងារ។
លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលលោកជំទាវអនុប្រធានរដ្ឋសភាបានចំណាយពេលវេលា ទទួលជួបសវនាការជាមួយលោកជំទាវ នាឱកាសនេះ។ លោកជំទាវ បានអរគុណរដ្ឋសភា ដែលតែងតែជំរុញលើកកម្ពស់មិត្តភាពកម្ពុជា-គុយបា ឲ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។
លោកជំទាវបានលើកឡើងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា។
លោកជំទាវ បានធ្វើការវាយតំលៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រគុយបានៅរាល់វេទិកាអន្តរជាតិ ស្តីពីការប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអសីលធម៌ និងអយុត្តិធម៌ពីប្រទេសមហាអំណាច ។ លោកជំទាវបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសគុយបា ក៏ដូចជាប្រជាពលរដ្ឋគុយបា តែងតែរំលឹកពីរឿងរ៉ាវនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយតែងតែប្រារព្ធខួបអនុស្សារីយ៍ជារៀងរាល់ឆ្នាំ តែដោយសារស្ថានការណ៍ពិភពលោកនាពេលនេះជួបប្រទះនូវជំងឺឆ្លងដ៏កាចសាហាវ(Covid-19) ទើបការប្រារព្ធខួបអនុស្សាវរីយ៍នាឆ្នាំនេះត្រូវខកខាន។ ទោះបីយ៉ាងណាក្តី ប្រទេសគុយបា តាមរយៈស្ថានទូតគុយបានៅកម្ពុជានឹងនៅតែបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងវិស័យផ្សេងៗដូចជាវិសយ័យអប់រំ ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា និងវិស័យសុខាភិបាលជាដើម។ លោកជំទាវឯកអគ្គរដ្ឋទូតបានលើកបញ្ជាក់បន្ថែម ដោយសន្យា ថាក្នុងអំឡុងពេលនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា លោកជំទាវនឹងខិតខំជំរុញលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ គួរអោយកត់សម្គាល់ផងដែរ លោកជំទាវ បានថ្លែងនូវក្តីរីករាយ និងវាយតំលៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាល និងបានព្យាបាលអ្នកជំងឺ COVID-19 ប្រកបដោយជោគជ័យ និងយ៉ាងមានប្រសិទ្ធភាព ខណៈពេលដែលពិភពលោកកំពុងរុគគួនដោយមេរោគនេះ។
មុននឹងបញ្ចប់ជំនួបនាព្រឹកនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការទូតរបស់ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវប្រចាំកម្ពុជាទទួលបានជោគជ័យ ៕