សម្តេចតេជោ ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ នៅតែបន្តរហូតវិបត្តិកូវីដ-១៩ ត្រូវបានដោះស្រាយ

ខេត្តតាកែវ ៖ ចំនួនគ្រួសារក្រីក្រដែលត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល បានកើនពីចំនួនជាង ៥៦ម៉ឺនគ្រួសារ ដល់ ៦១ម៉ឹន គ្រួសារហើយ មានន័យថា បានរកឃើញគ្រួសារក្រីក្រចំនួនប្រមាណ ៥ម៉ឺនគ្រួសារបន្ថែម។

ដោយឡែក ការចំណាយថវិកាឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រ បានកើនពីជាង ២៤លានដុល្លារ ដល់ជាង ២៨លានដុល្លារអាមេរិកក្នុងមួយខែ។ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះក្នុងឱកាសអញ្ជើញចុះពិនិត្យការធ្វើស្រែព្រមទាំងសំណេះសំណាល ជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងនៅតែបន្តអនុវត្ត រហូតវិបត្តិកូវីដ១៩ ត្រូវបានដោះស្រាយ និងជំរុញឱ្យក្រសួងពាក់ព័ន្ធបន្តរុករកគ្រួសារក្រីក្របន្ថែមទៀត ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល អំឡុងពេលនៃវិបត្ត-១៩៕