ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការប្តេជ្ញាចិត្តថា «នឹងមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ នោះទេ បើទោះបីមានការរកឃើញថ្មីនៅថ្ងៃនេះ គួរឱ្យស្លុតចិត្តក៏ដោយ។ សម្តេចបានថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបញ្ជាក់ថា ថ្វីត្បិតតែពេលនេះកូវីដ-១៩ នៅតែបន្តគំរាមកំហែងកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបានសម្រេចឱ្យអាជីវករបើកអាជីវកម្មលក់ដូរឡើងវិញ រួមទាំងបើកទ្វារសាលារៀនមួយចំនួន ក្នុងស្ថានភាពប្រុងជើងការ។
ក្នុងកិច្ចសំណេះសំណាលមួយជាមួយពលរដ្ឋនៅកណ្តាលវាលស្រែមួយកន្លែង ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាអកុសល និងគួរឱ្យស្លុតចិត្ត ពេលសម្តេចទទួលព័ត៌មាននៅយប់មិញថា ៖« មានអ្នកឆ្លងកូវីដ-១៩ ចំនួន ២៦នាក់ថ្មីទៀត កើតលើនិស្សិតខ្មែរមកពីក្រៅប្រទេស»។
បើទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការតាំងចិត្តថា ៖ «យើងសុខចិត្តទ្រាំបន្តិច ក៏ប៉ុន្តែយើងមានសុវត្ថិភាព ធ្វើម៉េចកុំឱ្យប្រជាជនណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ ហើយក៏មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយអត់បាយ ដោយយើងមិនបានដឹង មិនបានដោះស្រាយនោះដែរ»៕