ក្រសួងការបរទេសបើកកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-វៀតណាម» លើកទី៦

 

ដោយ ៖​  HN / ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំ«កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-វៀតណាម» លើកទី៦ ដឹកនាំដោយ លោកជំទាវ អ៊ិត សោភារដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អៀន ពួកយើង(Nguyen Quoc Dung) អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅទីក្រុងភ្នំពេញ។

កិច្ចពិគ្រោះយោបល់នយោបាយនេះ រៀបចំឡើងផ្អែកលើ «អនុស្សរណៈនៃការយោគយល់គ្នារវាង
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ដែលបានចុះហត្ថលេខានៅឆ្នាំ២០០១ ក្នុងគោលបំណង
ពិនិត្យឡើងវិញ វាយតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ។

កម្ពុជា-វៀតណាម មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងជាប្រវត្តិសាស្ត្រដែលបច្ចុប្បន្ន
កំពុងត្រូវបានបន្តពូនជ្រុំដោយឈរលើមូលដ្ឋានបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង”។ ជាមួយនឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ច
នៅគ្រប់កំរិត និងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសកម្ម កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា
វៀតណាម លើកទី៦ នាពេលនេះ នឹងលើកកម្ពស់ថែមទៀតទំនាក់ទំនងមិត្តភាព ស្មារតីសាមគ្គីភាព
និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី

របៀបវារៈកិច្ចប្រជុំខាងលើ រួមមានការពិភាក្សា និងវាយតម្លៃរួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង
វិស័យសំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអប់រំនិង
អភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធ
ស្ថាប័ន និងវិស័យសុខាភិបាល និងដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹងនិងពង្រីកទំនាក់
ទំនងទ្វេភាគី ឲ្យឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត។ ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរ
យោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួម។

សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏នឹងពិភាក្សាផងដែរអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង
បច្ចេកវិទ្យា ដឹកនាំដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា
ក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខ៕