អ្នកនាំពាក្យកងរាជអាវុធហត្ថ៖ ការបង្ក្រាបបទល្មើសព្រៃឈើ មិនធ្វើត្រឹមភាគឦសាននោះទេ

​ដោយ ៖ HN / ភ្នំពេញ ៖ ឧត្តមសេនីយ៏ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការទប់ស្កាត់គណៈកម្មការជាតិ បានអះអាងថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនមនុស្សចំនួន៩នាក់ ផ្សេងទៀតឌដែលពាក់ព័ន្ធនឹងបទលើ្មសឈើនៅភូមិភាគឦសាន ហើយការបង្ក្រាបបទល្មើសព្រៃឈើ មិនមែនធ្វើត្រឹមភាគឦសាននោះទេ សមត្ថកិច្ចនឹងបន្តធ្វើនៅទូទាំងប្រទេស។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា នេះ លោកឧត្តមសេនីយ៏អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការទប់ស្កាត់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហើបឲ្យដឹងថា កម្លាំងមានសមត្ថកិច្ចមិនដកថយ និងបានប្តេជ្ញាចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះជនដែលពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅខេត្ត ឥសាន្តនោះឡើយ។ បើតាមឧត្តមសេនីយ៏ អេង ហ៊ី ប្រតិបត្តិការដ៏ក្តៅគគុករយៈពេលជិត១០ថ្ងៃមកនេះ សមត្ថកិច្ចបានបង្ក្រាប និងដកហូតឈើខុសច្បាប់ចំនួន ១៧០០ម៉ែត្រគូប និងមានរថយន្តល្មើសជាង៤០គ្រឿង ត្រូវបានដកហូត ដោយក្នុងនោះ២៩គ្រឿង ត្រូវបានបំផ្លាញចោលដោយប្រើម្សៅTNTបំផ្ទុះ គ្រាដែលសមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន៩នាក់ទៀត។លោកឧត្តមសេនីយ៏ត្រី អេង ហ៊ី ក៏បានបង្ហាញថា សមត្ថកិច្ចកំពុងធ្វើការស្រាវ ជ្រាវក្រុមហ៊ុនចំនួន៥ នៅខេត្តភាគឥសាន្ត ដែលនឹងអាចត្រូវដកអាជ្ញាប័ណ្ណចោល បើសិនរកឃើញមានបទល្មើសពាក់ព័ន្ធព្រៃឈើ។ ក្រុមហ៊ុនទាំង ៥នោះ មានឈ្មោះដូចជា ក្រុមហ៊ុន ម៉ាស្ទ័រខេសិន, ក្រុមហ៊ុន យ៉ាន់ចាវ, ក្រុមហ៊ុន ថាច់វូដ, ក្រុមហ៊ុនវិជ្ជរី និងក្រុមហ៊ុន ណេងណា។

លោកឧត្តមសេនីយ៏ អេង ហ៊ី បានបញ្ជាក់អះអាងថា ប្រតិបត្តិការបង្ក្រាបបទ ល្មើសព្រៃឈើមិនមែនប្រតិបត្តិការត្រឹមតែនៅភាគឥសាន្តប៉ុណ្ណោះទេ ប៉ុន្តែ កម្លាំងមានសមត្ថកិច្ចជំនាញជិត៧០០នាក់ ត្រូវដាក់ពង្រាយនៅតាមគោលដៅសំខាន់ផ្សេងទៀត។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុនមេការ២នាក់ និងអ្នកបើករថយន្តម្នាក់បញ្ជូនទៅតុលាការ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ៕