អាជ្ញាធរកំពុងស៊ើបអង្កេតលើក្រុមហ៊ុន ជុងយៀន ប្លាស្ទិក ដែលនាំចូលសំរាម៨៣កុងទឺន័រ

​ដោយ ៖  HN / ភ្នំពេញ ៖ កាកសំណល់សំរាមបា្លស្ទិកចំនួន ៨៣កុងតឺន័រ ទម្ងន់ប្រមាណ១.៦០០តោន ដែលដឹកតាមកប៉ាល់យកមកទម្លាក់ នៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចអះអាងថា នាំចូលដោយក្រុមហ៊ុន ជុងយៀន ប្លាស្ទិក (Chung yuen ) ដែលមានថៅកែជាជនជាតិខ្មែរ ។ ម្ចាស់ក្រុមហ៊ុននេះ នឹងត្រូវនាយកដ្ឋាន គយ និងរដ្ឋាករកោះហៅមកធ្វើការសាកសួរនៅឡសប្តាហ៍ក្រោយ។ នេះជាលើកទីមួយហើយ ដែលកាកសំណល់សំរាមប្រភេទជាបា្លស្ទិករបស់បរទេស ត្រូវបានក្រុមហ៊ុនក្នុងស្រុកមួយ បាននាំមកចូលមកទម្លាក់ចោលនៅក្នុងប្រទេសកម្ពុជា ដូចគ្នានឹងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងបញ្ជាក់កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា នេះថា ក្រុមហ៊ុនដែលនាំកាកសំណល់ប្លាស្ទិកចំនួន ៨៣កុងតឺន័រ ចូលមកដាក់នៅកំពង់ផែខេត្តព្រះសីហនុ គឺក្រុមហ៊ុន ជុងយៀន ប្លាស្ទិក មានប្រធាន ជាជនជាតិខ្មែរ ប៉ុន្តែនៅក្នុងក្រុមហ៊ុននោះក៏មានជនជាតិចិនធ្វើការមួយចំនួនដែរ។

លោក គុណ ញឹម បានបន្តថា នៅដើមសប្តាហ៍ក្រោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើការជាមួយក្រុមហ៊ុន ដើម្បីហៅមកសាកសួរផ្ទាល់មាត់ថែមទៀត ពាក់ព័ន្ធនិងព័ត៌មានដែល ក្រុមហ៊ុននាំចូលកាកសំណល់សំរាមបា្លស្ទិកចំនួន ៨៣កុងតឺន័រ។ តាមលទ្ធផលនៃការស្រាវជ្រាវរបស់យើង គឺតម្រូវឲ្យក្រុមហ៊ុននាំទៅវិញ ហើយនឹងអាចពិន័យទៅលើក្រុមហ៊ុននោះ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននាំចូលកាកសំណល់បា្លស្ទិក គឺអាចប្រឈមវិន័យរដ្ឋបាល និងអាចប្រឈមការបិទក្រុម ហ៊ុន។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ បានសម្រេចគាស់ទូកុងតឺន័រទាំង៨៣ នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ក្រោយពីមានការសង្ស័យថា ជាទំនិញមិនប្រក្រតី ៕