ដោយ ៖ HN / ខេត្តមណ្ឌលគិរី ៖ មន្ត្រីរដ្ឋបាលព្រៃឈើ៣រូប ត្រូវបានលោក ហៀង សុភក្ត្រ ព្រះរាជ អាជ្ញាអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរីចេញដីកាបង្គាប់ឲ្យនាំខ្លួនចូលបំភ្លឺនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ ពាក់ព័ន្ធការឃុបឃិតជាមួយក្រុមឈ្មួញឈើល្មើសច្បាប់ ។
យោងតាមដីកាកោះឲ្យចូលបំភ្លឺចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មានទើបទទួលបាននៅថ្ងៃ ទី១៩ កក្កដា នេះ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូប ដែលកំពុងរត់គេចខ្លួននេះ រួម មាន ៖ លោក លឿង ភិរុណ អាយុ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិ ដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក ហ៊ុន វណ្ណេ អាយុ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាល ព្រៃឈើ រយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ និងលោក គង់ វិរៈ អាយុ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ការឱ្យចូលខ្លួននេះ ដើម្បីសាកសួរទៅលើករណីមួយចំនួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
អ្នកច្បាប់មួយរូបបានពន្យល់ថា បើពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ តុលាការអាចនឹងប្រើប្រាស់សំណូរជា ច្រើនដូចជា ៖ ផ្តល់ការអនុញ្ញាតផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់ ,អនុគ្រោះចំពោះបទល្មើសព្រៃឈើ, មិនរាយការណ៍ ឬមិនបានដាក់ពាក្យបណ្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាន់ ពេល វេលា។ ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្តល់ព័ត៌មានក្លែងក្លាយបន្លំ ជា លាយ លក្ខណ៍អក្សរ ដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើ ថ្នាក់ទី១។ក្នុងដីកាក៏បាន បើកផ្លូវ ឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបនេះ ផងដែរ ប្រសិនបើប្រទះ ឃើញអ្នក ទាំងបី នៅទីណា នោះ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនេះ ក្រៅពីការចាប់ខ្លួន អតីតឧកញ៉ា ស៊ឹង សំអុល មេឈ្មួញឈើ និងបក្ខពួក៣នាក់ទៅ។ក្រោយមកទៀត អយ្យការអមសាលា ដំបូងខេត្ត មណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឱ្យអ្នករកស៊ីឈើ៤នាក់ ផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធ បទល្មើស ព្រៃឈើនេះផងដែរ។ អ្នករកស៊ីឈើទាំង៤នាក់ ដែលកំពុង គេចខ្លួនដែរនោះរួមមាន ៖ ឈ្មោះ សុង វិនចាង (Song Wenzhang) អាយុ៦៨ឆ្នាំ មុខរបរជាអគ្គនាយក ក្រុមហ៊ុន ដាច់វូដ។ ឈ្មោះ ចាង វិនតាវ (Wentao Zhang) នាយកក្រុមហ៊ុនយ៉ានចាវ។ លោក ណេង ម៉ៅ អាយុ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែងការ ប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិ ក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងលោក សាំង សុខុន អាយុ២៧ឆ្នាំ ជាអ្នកចាត់ចែងរបស់ ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ត កំពង់ចាម។
គួររំលឹកថា ប្រមាណជាសប្តាហ៍កន្លងទៅហើយ ដែលនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានគណៈកម្មាការ បង្ក្រាបបទល្មើសធនធានធម្មជាតិបានបើកយុទ្ធនាការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំការបង្ក្រាបបទល្មើសព្រៃឈើដ៏កក្រើកនៅក្នុងខេត្តមណ្ឌលគិរី និងនៅក្នុងខេត្តផ្សេងទៀតដោយរឹបអូស និងដុតកម្ទេចចោលវត្ថុតាង ជារថយន្តអស់ជាច្រើនគ្រឿង និងចាប់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ម្នាក់ផងដែរ៕