កម្ពុជាចង់នាំអង្ករក្រអូបទៅកាន់ឥណ្ឌូនេស៊ី រួមទាំងគ្រឿងផ្គុំទោចក្រយាន

ដោយ ៖  HN / ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម មិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី ២០១៩ កាលពីថ្ងៃទី១៩ កក្កដា ២០១៩ នៅខេត្តសៀមរាប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប «ផ្កាម្លិះអង្គរ» ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើឧស្សា ហ កម្ម ផលិតសម្ភារ និងគ្រឿងបង្គុំទោចក្រយាននៅក្នុងប្រទេស ព្រមទាំងអភិវឌ្ឍន៍ឧស្សាហ កម្ម គាំទ្រ សម្រាប់ការផលិតទោចក្រយាន ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និង នាំចេញផលិតផលសម្រេច ១០០% ទៅកាន់ទីផ្សារអន្តរជាតិ ។

លោករដ្ឋមន្ត្រីបន្តថា កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបាន ទឹកប្រាក់ ៥៥៨,៦២ លានដុល្លារ ក្នុងនោះកម្ពុជានាំចូលពីឥណ្ឌូនេស៊ី ៥២៥,៦លានដុល្លារ និងនាំ ចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ៣៣លានដុល្លារ ។ ក្រៅពីនោះកម្ពុជា និងឥណ្ឌូនេស៊ី ក៏មាន កិច្ច សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដូចជាការមិនយកពន្ធត្រួតគ្នា និងទប់ស្កាត់អំពើបន្លំពន្ធ ពាក់ព័ន្ធប្រាក់ចំណូល ក៏ដូចជាវិស័យទេសចរណ៍ ជាក់ស្ដែងប្រទេសទាំងពីរបានបើកបើកជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតា-ភ្នំពេញ ដែលប្រទេស ទាំង ពីរបានចុះអនុស្សរណៈនាពេលថ្មីៗនេះ ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គ ពិធី អំពីគោលបំណងនៃពិព័រណ៍ពាណិជ្ជកម្ម ដែលផ្តោតលើ ការ អបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេ ស៊ី។

ពិព័រណ៍ពាណិជ្ជកម្មនេះនឹងដំណើរការអមជាមួយការសម្តែងសិល្បៈផ្សេងៗ ក្នុងរយៈពេល ០៣ ថ្ងៃ (ថ្ងៃទី១៩ ដល់ទី ២១ ខែកក្កដា) ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវប្បធម៌ប្រពៃណី និងទំនៀមទំលាប់គ្នាទៅវិញទៅមក។

សូមជម្រាបថា គិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរសម្រេច បានទឹកប្រាក់ ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៨ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ី បានកើនឡើង ៧.៧៥% និងនាំចូល កើន ឡើង ៥៤.១៨%។

ដោយឡែកសម្រាប់ឧស្សាហកម្មទោចក្រយាន កម្ពុជាបាននាំចូលបំណែក និង គ្រឿងបន្លាស់ (លីប, តួ, ដៃ, ចង្កៀង, អំព្រីយ៉ា…) ពីឥណ្ឌូនេស៊ីចំនួន ៧,១៩លានដុល្លារ នៅក្នុង ឆ្នាំ២០១៨៕