ដោយ CNS / ខេត្តព្រះសីហនុ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងសាកសួរជនសង្ស័យចំនួន ៨នាក់ ដែលកម្លាំងចម្រុះបានចុះចាប់ខ្លួន កាលពីយប់មិញ ទាក់ទិនករណីចាប់ជំរិតជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់។
មន្ត្រីនគរបាលបានឲ្យដឹងព័ត៌មានបឋមថា កាលពីម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ បានចុះបង្ក្រាបករណីជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នា មានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនរងគ្រោះមានគ្នា២នាក់ ចំណែកជនសង្ស័យមាន បក្ខពួកចំនួន៨នាក់។
យុទ្ធនាការខាងលើនេះ សមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖
១- រថយន្ត Iexus570 មួយគ្រឿង
២- ទូរស័ព្ទ ១០គ្រឿង
៣- កាត ធនាគារ ១៣
៤- លិខិត ឆ្លងដែន ៣ក្បាល
៥- អត្តសញ្ញណប័ណ្ណចិន៤ច្បាប់
៦- កាបូបស្ពាយ១
៧- ខ្សែរិត ១ដុំ
បច្ចុប្បន្ននគរបាលខេត្តព្រះសីហនុ កំពុងសាកសួរជនសង្ស័យទាំងនោះ នៅស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់ ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន សកម្មភាព កងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ ក៏ដូចជាកម្លាំងកង រាជអាវុធហត្ថ ខេត្តព្រះសីហនុ តែងតែតាមប្រមាញ់ រាល់ បទល្មើស ដែលកើត មានឡើងនៅក្នុងក្រុង ទេសចរណ៍មួយ នេះ ដើម្បី ការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និង ភ្ញៀវទេសចរណ៍ ក៏ដូច ការពារសុវត្ថិភាព ជូនវិនិយោគទុន ដែលកំពុង ចុះ មកបណ្ដាក់ ទុន រកស៊ី នៅក្នុងខេត្តព្រះសីហនុផងដែរ៕