អាជ្ញាធរអះអាងថា មានសមត្ថភាពប្រមូលសំរាមបាន២០០០តោនក្នុងមួយថ្ងៃ ខណៈនៅភ្នំពេញ មានសំរាមជិត៣ពាន់តោនក្នុងមួយថ្ងៃ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ក្នុងពេលនេះ ទាំង១៤ខណ្ឌនិងសង្កាត់ទាំង១០៥ បាននិងកំពុងដៃដុតជើងទាំងយប់ ទាំងថ្ងៃ ដើម្បីធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះ ក្នុងមួយថ្ងៃយើងអាចប្រមូលសំរាមបានប្រមាណ២០០០តោន ខណៈដែលនៅ ភ្នំពេញ ក្នុងមួយថ្ងៃមានសម្រាមប្រមាណជា២៨៦៥តោនក្នុង១ថ្ងៃ ។ មានន័យថា រដ្ឋបាលរាជធានីភ្នំពេញ អាចគ្រប់គ្រងការប្រមូលសំរាមបានមួយកម្រិតធំហើយ ដូច្នេះមិនយូទេ ការប្រមូលសំរាមនឹងលែងជាបញ្ហា បើទោះបីកម្មករស៊ិនទ្រីធ្វើកូដកម្មមិនប្រមូលសំរាមក៏ដោយ។

ការបញ្ជាក់របស់ ឯ.ឧ ឃួង ស្រេង បែបនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៩ខែតុលាឆ្នាំ២០២០នេះ ក្នុងពេលដែលទទួលគ្រឿងចក្រសម្រាប់ចូក រុញដីមួយគ្រឿងពីក្រុមហ៊ុន KNN ដើម្បីយកមកធ្វើសកម្មភាពកើបរុញនិងប្រមូលសំរាមនៅក្នុងរាជធានី។

ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្រាប់គ្រឿងចក្រមួយគ្រឿងនេះ វានឹងជួយរំលែកការងារដល់អាជ្ញាធររាជធានីភ្នំពេញមួយកម្រិតធំ ។ ឯ.ឧបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ដែលបានប្រគល់នូវគ្រឿងចក្រមួយគ្រឿងនេះមកដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលលើការងារប្រមូលសំរាម ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងមានការខ្វះខាតនូវគ្រឿងចក្រនៃការប្រមូលសំរាមនេះ។

ឯ.ឧ ឃួង ស្រេង បានបន្ថែមទៀតថា កិច្ចការងារប្រមូលសំរាម យើងបានគិតគូរតាំងពីឆ្នាំ២០១៩មក ដោយយើងបានចែកម៉ូតូកង់បីសំរាប់ដឹកសំរាម នៅតាមបណ្ដាខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ ជាមួយនឹងការទិញរថយន្តចំនួន៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរាមទៅចាក់ទីលានចាក់សំរាម។

លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ទាំងអគ្គស្នងការនគរបាលជាតិ ទាំងអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានសន្យាបញ្ជូនកងកម្លាំងប្រដាប់អាវុធទាំងពីរភេទនេះប្រមាណ២ពាន់នាក់ មកជួយលើការងារដឹកជញ្ជូននិងប្រមូលសំរាមនៅរាជធានីភ្នំពេញក្នុងដំណាក់កាលនេះ។ តែទោះបីជាយ៉ាងណាក្តីកម្លាំងទាំងនេះ យើងមិនទាន់យកមកប្រើប្រាស់នៅឡើយទេ ។

ក្នុងឱកាសនោះដែរ ឯ.ឧ ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អ កុំយកទៅបោះចោលនៅតាមទីសាធារណៈ អាចយកទៅដាក់នៅដេប៉ូ ចាក់សំរាមដែលរៀបចំឡើងដោយអាជ្ញាធរខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ។ ការធ្វើបែបនេះ និងជួយសម្រួលការងារច្រើន សម្រាប់ក្រុមការងារដឹកជញ្ជូនសំរាមរបស់យើងធ្វើការបានទាន់ពេលវេលា៕