គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ២០១៩-២០២៣

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកម៉ិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអនុម័ត «ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣»។ ផែនការសកម្មភាពនេះ មានគោលដៅរួមគ្នាបង្ការទប់ស្កាត់ ឆ្លើយតប ផ្ដល់កិច្ចអន្តរាគមន៍ និងកិច្ចការពារជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯ.ឧ ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សេចក្ដីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី២០១៩-២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤គឺ ការបង្ការទប់ស្កាត់ កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ ច្បាប់ និងគោលនយោបាយ និងយុទ្ធសាស្ត្រចុងក្រោយគឺ ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ។ ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ទាមទារឱ្យមានកិច្ចសហការ និងការប្ដេជ្ញាចិត្តរួមគ្នារវាងក្រសួង ស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ សំដៅប្រែក្លាយផែនការសកម្មភាពនេះ ឱ្យក្លាយទៅជាការអនុវត្តជាក់ស្ដែងទៅតាមវិស័យនីមួយៗ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ឆ្លើយតប ផ្ដល់កិច្ចអន្តរាគមន៍ និងកិច្ចការពារជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯ.ឧ រដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ដោយមានកិច្ចសហការពីអង្គការសហប្រជាជាតិ កំពុងរៀបចំសាកល្បងកន្លែងផ្ដល់សេវាចម្រុះ នៅមន្ទីរពេទ្យខេត្តចំនួន២ គឺខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង ដែលកន្លែងផ្ដល់សេវាចម្រុះនេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការសម្របសម្រួលផ្ដល់សេវាចាំបាច់ជូនជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដូចជាសេវាពិគ្រោះយោបល់ផ្លូវចិត្ត សេវាសុខភាព សេវាផ្នែកច្បាប់ សង្គមកិច្ច និងសេវាសំខាន់ៗមួយចំនួនទៀត ដែលឆ្លើយតបទៅនឹងតម្រូវការជនរងគ្រោះ ដើម្បីផ្ដល់កិច្ចការពារជួយជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ គួរកត់សំគាល់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានចុះកិច្ចព្រមព្រៀង ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងកិច្ចការនារី ក៏បានសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ដែលមាននៅតាមរាជធានី ខេត្ត ទាំង២៥ ក្នុងគោលបំណងបង្កើននូវលទ្ធភាពក្នុងការទទួលបានយុត្តិធម៌សម្រាប់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។

គួរជម្រាបថា ទម្រង់នៃអំពើហិង្សាលើស្ត្រីដែលកើតឡើងភាគច្រើននៅកម្ពុជា គឺអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូស្និទ្ធស្នាល និងអំពើហិង្សាផ្លូវភេទ ដែលសកម្មភាពទាំងនោះរួមមាន៖ ការប្រើប្រាស់ហិង្សាការគំរាមកំហែង ការបង្ខិតបង្ខំ ឬការដកហូតសិទ្ធសេរីភាព។ បុព្វហេតុចម្បងនៃអំពើហិង្សាលើស្ត្រី ត្រូវបានទទួលស្គាល់ជាទូទៅថា បណ្ដាលមកពី “វិសមភាពយេនឌ័រ និងការរើសអើង” ក្នុងនោះក្រុមស្ត្រីងាយរងគ្រោះ មានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សា ដូចជាអំពើហិង្សាផ្លូវកាយ ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចជាដើម។ អំពើហិង្សាលើស្ត្រី គឺជាឧបសគ្គដ៏ចម្បងដែលរារាំងដល់ការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍជាតិ និងជាការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងសង្គមផងដែរ ដោយរដ្ឋបាលខាតបង់ថវិកាលើការចំណាយសម្រាប់សេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះ និងកូនៗ សេវាសង្កមកិច្ច ដើម្បបីស្ដារនីតិសម្បទាស្ត្រីរងគ្រោះ សេវាច្បាប់ និងសេវាគាំទ្រចាំបាច់មួយចំនួនទៀត៕