ក្រសួងកសិកម្ម នៅចុងសប្តាហ៍នេះ បានចេញរបាយការណ៍មួយដោយបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ និងការខិតខំរបស់អាជ្ញាធរពាក់ព័ន្ធសហការជាមួយពលរដ្ឋ ទើបអាចស្តារផ្ទៃដីធ្វើស្រែចំនួនជាង ១ម៉ឺនហិកតា ដែលរងការខូចខាតដោយសារភាពរាំងស្ងួតឱ្យមានភាពប្រសើរឡើងវិញ។
ក្នុងរបាយការណ៍ដដែលបនុ្តថា នៅរដូវវស្សាឆ្នាំ២០២០ នេះ ទឹកភ្លៀងមានលក្ខណៈអំណោយផលតាំងពីដើមរដូវ និងរួមទាំងការខិតខំរបស់ប្រជាកសិករ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការគាំទ្របច្ចេកទេសពីស្ថាប័នជំនាញ និងការឧបត្ថម្ភគ្រប់មធ្យោបាយពីរដ្ឋាភិបាល ការបង្កបង្កើនស្រូវមានសន្ទុះលឿន បើគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ ពិសេសដំណាំស្រូវក្នុងខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលជួបគ្រោះរាំងស្ងួតលើផ្ទៃដីដំាដុះចំនួន ១៣៤ ៧៧០ហិកតា និងខូចខាតលើផ្ទៃដី១៣ ៤៨០ ហិកតា ត្រូវបានក្រសួងកសិកម្មសង្គ្រោះបានឡើងវិញស្ទើរទាំងស្រុង រួមទាំងមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង បង្កលក្ខខណៈល្អសម្រាប់ការដាំដុះលូតលាស់របស់ដំណាំស្រូវ។
ក្រសួងកសិកម្ម បញ្ជាក់ថា ក្រសួងក៏បានជំរុញការស្ទួង-ព្រោះស្រូវ នៅក្នុងខេត្តចំនួន៥ ខាងលើ បានចំនួន ២ ៧១៤ ២១៦ហិកតា ស្មើនឹង១០៤.៨៧% នៃផែនការ ២ ៥៨៨ ១៣០ហិកតា ក្នុងនោះស្រូវស្រាលចំនួន៨២៨ ៧៣៣ហិកតា ស្រូវកណ្តាលចំនួន១ ៣៨៥០៦៦ហិកតា ទៀតផង។
ក្រសួងបន្តថា ដើម្បីធានាបានសន្តិសុខស្បៀង និងឈានបានសម្រេចតាមគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តវិធានការមួយចំនួនដូចជា ត្រូវចុះណែនាំកសិករឲ្យពិនិត្យស្រែជាប្រចាំ បិទភ្លឺរក្សាទឹកក្នុងស្រែ ណែនាំពីបច្ចេកទេសថែទាំ បំប៉នដី ត្រួតពិនិត្យ និងកម្ចាត់សត្វ ចង្រៃក្នុងស្រែ មើលស្ថានភាពប្រភពទឹក ដើម្បីឈានចាប់ផ្តើមដាំស្រូវលើកទី២ និងជំរុញដល់អ្នកប្រមូលទិញស្រូវ រោងម៉ាស៊ីន ត្រូវត្រៀមថវិកា មធ្យោបាយដឹកជញ្ជូន ឡសម្ងួត និងឃ្លាំងស្តុកស្រូវ សម្រាប់ប្រមូលទិញពីប្រជាកសិករ៕