គ.ជ.ប. អំពាវនាវឲ្យអ្នកគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈការចុះឈ្មោះនឹងបញ្ចប់នៅថ្ងៃទី១៩ តុលា នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានក្រើនរំលឹកថា សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។

គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ មានរយៈពេលចំនួន ១២ថ្ងៃហើយ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ (១៩ តុលា) នឹងត្រូវបិទបញ្ចប់។

សូមរំលឹកថា ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប ទេ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ នឹងមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។

ដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរមកទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណបណ្ណ។ បើមិនទាន់មានអត្តសញ្ញាណបណ្ណទេ ត្រូវទៅកាន់សាលាឃុំ សង្កាត់ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោត។

ដើម្បីបម្រើការដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គ.ជ.ប បានរៀបចំការិយាល័យផ្តល់សេវានៅតាមសាលាឃុំ សង្កាត់ទាំង ១.៦៤៦នៅទូទាំងប្រទេស៕