ឯ.ឧ. វ៉ាង យី រដ្ឋមន្រ្តីការបរទេស ចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ២ ៖ ៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ ប្រកបដោយផ្លែផ្ការយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។
អំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ប្រមុខការទូតចិនរូបនេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
ក្នុងដំំណើរទស្សនកិច្ចនេះដែរ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងឯ.ឧ. វ៉ាង យី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ផងដែរ។
សូមជម្រាបថា ឯ.ឧ. វ៉ាង យី ទីប្រឹក្សារដ្ឋ និងជានៃសាធារណរដ្ឋប្រជាមានិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕