តាមការប្រកាសរបស់ គ.ជ.ប នៅថ្ងៃនេះបានបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ មានរយៈពេលត្រឹមតែ ១៩ថ្ងៃប៉ុណ្ណោះ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដូច្នេះសូមជូនពលរដ្ឋដែលគ្រប់អាយុអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មី បើមិនដូច្នេះទេ នឹងមិនមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតសកលនៅឆ្នាំ២០២៣ នោះឡើយ។
គ.ជ.ប. បញ្ជាក់ថា ដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណបណ្ណ។
បើមិនទាន់មានអត្តសញ្ញាណបណ្ណទេ ត្រូវទៅកាន់សាលាឃុំ សង្កាត់ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោត។
សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh (https://voterlist.nec.gov.kh/))។
ឆ្នាំ២០២០ នេះ ដោយយោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០,៣៩០នាក់។
សូមរំលឹកថា ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប ទេ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ៕