ស្ត្រីជាប់ឃុំជិត ៥០០នាក់ត្រូវជម្លៀសទៅមណ្ឌលអប់រំកែប្រែម១ទាំងយប់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯ.ឧ. ខៀវ សុភ័គ បានអះអាងថា ពេលរំលងអធាត្រថ្ងៃទី១៣ ខែតុលា ជនជាប់ឃុំជាស្ត្រីជិត ៥០០នាក់មកពីមណ្ឌលអប់រំកែប្រែម២ ត្រូវផ្លាស់មកមណ្ឌលអប់រំកែប្រែ ម១ ជាបន្ទាន់បន្ទាប់ពីជំនន់ទឹកភ្លៀងដែឬលហៀរចេញពីស្ទឹងព្រែកត្នោត បានហូរចូលកន្លែងពួកគេស្នាក់នៅ។ ឯ.ឧ. បន្តថា ចំណែកនៅពន្ធនាគារបន្ទាយមានជ័យ ការដឹកជញ្ជូនជនជាប់ឃុំនៅមិនទាន់ចប់នៅឡើយ ទេ ដោយនៅថ្ងៃពុធ នេះ ជនជាប់ឃុំជាង ៨០០នាក់ទៀត ក្នុងចំណោមជនជាប់ឃុំសរុបជាង ១ ៦០០នាក់ ត្រូវបានជម្លៀសទៅពន្ធនាគារខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៤តុលា នេះ មានជនជាប់ឃុំសរុបជាង២ពាន់នាក់ មកពីពន្ធនាគារខេត្តបន្ទាយមានជ័យ និងមកពីមណ្ឌលអប់រំកែប្រែម២ ស្ថិតនៅជាយរាជធានីភ្នំពេញត្រូវបានផ្លាស់មកកន្លែងទីទួលមានសុវត្ថិភាព។ បើតាម ឯ.ឧ. ខៀវ សុភ័គ ការបន្លាស់ទីជនជាប់ឃុំពីកន្លែងទឹកទៅកន្លែងគោនេះក៏មានដែរ កុមារជាកូនរបស់អ្នកជាប់ឃុំជាស្ត្រី។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ស្នើឲ្យពន្ធនាគារនីមួយៗយកចិត្តទុកដាក់ជាពិសេសសម្រាប់អ្នកទោសជាស្រ្តីដែលមានជាប់កូនតូច និងស្ត្រីជាប់ឃុំដែលមានវ័យចាស់ជរា។

យ៉ាងណាក៏ដោយ ឯ.ឧ. ខៀវ សុភ័គ បានទទួលស្គាល់ថា មិនមែនជារឿងងាយស្រួលទេ ក្នុងការជម្លៀសអ្នកទោសនេះ ប៉ុន្តែក្រសួងមហាផ្ទៃ បានបញ្ជាឲ្យពន្ធនាគារនីមួយៗ បង្កើនរបបអាហារប្រចាំថ្ងៃដល់ពួកគេ។
គួរជម្រាបថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានពន្ធនាគារសរុបចំនួន ២៧ ដោយផ្ទុកជនជាប់ឃុំសរុប ៣៦ ៦០០នាក់ ក្នុងនោះមានស្ត្រីចំនួនជាង ៣ ០០០នាក់៕