ធនាគារអភិវឌ្ឍន៍ជនបទបញ្ចេញថវិកា៣០លានទៀតដើម្បីបង្កើនទុនទិញស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំនេះ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងបញ្ចេញថវិកាឥណទានចំនួន ៣០ លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះខាតទុនរបស់ម្ចាស់សហគ្រាសរោងម៉ាស៊ីនកិនស្រូវនៅក្នុងរដូវប្រមូលផលសម្រាប់ខែវិច្ឆិកា និងធ្នូខាងមុខនេះ។

លោក កៅ ថាច ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលគ្រប់គ្រងដោយរដ្ឋ បានថ្លែងថា ការបន្ថែមនេះ ដើម្បីជាដើមទុនប្រមូលទិញស្រូវបង្កើនសន្និធិ ដែលធ្វើឱ្យទុនក្នុងវិស័យស្រូវអង្ករឡើងដល់ជាង ២០០លានដុល្លារ។ លោកថា «តាមផែនការយើងនឹងបញ្ចេញឥណទាននេះក្នុងខែវិច្ឆិកា ព្រោះជារដូវប្រមូលផលស្រូវសែនក្រអូប និងផ្ការំដួល យើងសង្ឃឹមថា មូលនិធិនេះនឹងជួយឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទិញស្រូវបានច្រើនពីកសិករ»។

តាមរបាយការណ៍ក្រសួងកសិកម្ម បង្ហាញថា គ្រោះទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផល និងទិន្នផលស្រូវយ៉ាងខ្លាំងនៅតាមខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង ហើយរោងម៉ាស៊ីនកិនស្រូវមួយចំនួនប្រឈមនឹងជន់លិចនៅខេត្តបន្ទាយមានជ័យ ហើយប្រសិនបើស្រូវខូចខាតទៀតវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។
សូមជម្រាបថា របាយការណ៍ CRF បង្ហាញថា រយៈពេល ៩ ខែ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករចំនួនជាង ៣២៨ លានដុល្លារកើន ១០,៤៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនមាន ២៩៧ លានដុល្លារ ហើយគិតមកដល់ពេលនេះរដ្ឋាភិបាលបានបញ្ចេញឥណទានជិត ២០០ លានដុល្លារ ហើយសម្រាប់ជួយដោះស្រាយបញ្ហាកង្វះទុននៅក្នុងវិស័យស្រូវអង្ករ៕