ខេត្តព្រះសីហនុ ៖ លោក អុី សុខឡេង អភិបាលនៃគណៈអភិបាល ក្រុងព្រះសីហនុ បានថ្លែងថា៖ នៅក្នុងឱកាសដែលពុទ្ធិបរិស័ទនៅទូទាំងកម្ពុជា បានរួមសាមគ្គីគ្នា ជាឯកច្ឆ័ន្ទកសាងឡើង នៅអង្គកឋិនទាន ទៅតាមកម្លាំងសទ្ធារបស់ខ្លួន ដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅគ្រប់ទីអារាម ក្នុងរយៈពេលចំនួន១ខែ ចាប់តាំងពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ ថ្ងៃ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤នេះ។
ដោយឡែក ឯកឧត្តម សុខ រំដួល បានផ្ដួចផ្ដើមកសាងឡើងនូវ អង្គកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធា ដ៏ប្រសើជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃ គង់នៅវត្ត អូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្តអង្គកឋិនទានដ៏សំខាន់នេះ នៅវេលារសៀល ថ្ងៃ ២កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មាន ឯកឧត្តមសុខ រំដួល និងក្រុមគ្រួសារ ។ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុនិង ក្រុមគ្រួសារ , លោក អុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ និងក្រុមគ្រួសារ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ គណៈកម្មាធិការ កណ្តាលថ្នាក់ជាតិចុះជួយ ខេត្តព្រះសីហនុ , ឯកឧត្តម ជាម ហ៊ីមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គួច ចំរើនអភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ។
និង មន្រ្តីរាជការ នៃ សាលាក្រុង និង សាលា ខេត្តព្រះសីហនុ ព្រមទាំង ជិតឆ្ងាយ និង ពុទ្ធបរិស័ទ្ធចំណុះជើងវត្តអូរត្រេះទាំងអស់ ។
ពិធីនេះបានប្រព្រឹត្តទៅ ដោយមានការនិមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត សម្ដែងព្រះធម្មទេសនា អំពីផល្លា អានិសង្ឃដែលកើតឡើង អំពីសទ្ធាជ្រះថ្លាក្នុងការកសាងឡើង នូវអង្គកឋិនទាន និងបានបំពេញកិច្ចដ៏ប្រពៃផ្សេងៗទៀត ទៅតាមប្រពៃណីរបស់ព្រះពុទ្ធសាសនា។
គួររំលឹកថា ឯកឧត្តម សុខ រំដួល និង ព្រះតេជគុណ មាស សុផល ព្រះចៅអធិការវត្ត អូរត្រេះ តែងតែ បានផ្ដួចផ្ដើមឡើង នូវការកសាងអង្គព្រះកឋិនទាន ជារៀងរាល់ឆ្នាំ វេរប្រគេនព្រះសង្ឃគង់នៅវត្ត អូរត្រេះនិងនៅតាមទីអារាមនានា។
មិនតែប៉ុណ្ណោះ ឯកឧត្តម សុខ រំដួល គឺជាពុទ្ធបរិស័ទ្ធដ៏ប្រសើរ ដែលបានលះបង់នូវធនធានផ្ទាល់យ៉ាងច្រើន ក្នុងសទ្ធាជ្រះថ្លាគោរពចំពោះ ព្រះពុទ្ធសាសនា ក្នុងនោះ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង ពុទ្ធបរិស័ទ បានកសាងសមិទ្ធិផលសំខាន់ៗ ជាច្រើន ប្រគេនព្រះសង្ឃគង់នៅវត្ត អូរត្រេះ និងបណ្ដាទីអារាមដទៃទៀត ដើម្បីរួមចំណែក ជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា ឲ្យមានការរីកចម្រើនជាដរាបតរៀងទៅ។
ចំពោះការកសាងអង្គកឋិនទាន ដែលផ្ដួចផ្ដើមឡើងដោយ ឯកឧត្តម សាយ សំអាល់ និង ក្រុមគ្រួសារ,
ឯកឧត្តម ជាម ហ៊ីម និង ក្រុមគ្រួសារ, ឯកឧត្តម គួចចំរើន និង ក្រុមគ្រួសារ, ឯកឧត្តម តិក រ៉េត សំរេចនិង ក្រុម គ្រួសារ, ឯកឧត្តម សុខ រំដួល និងក្រុមគ្រួសារ, លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី និង ក្រុមគ្រួសារ, លោក អុី សុខឡេង និង ក្រុមគ្រួសារ និង ឯកឧត្តម ជាច្រើន រូបផ្សេងទៀត ដែលមានឈ្មោះនៅក្នុងតារាង កម្មវិធីនៃអ្នកដើមបុណ្យ , រួមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និង ពុទ្ធបរិស័ទចំណុះជើងវត្តអូត្រេះទាំងអស់ ចូលរួមជា បច្ច័យតាម កម្លាំង សុទ្ធា រៀងៗខ្លួន ហើយបច្ច័យដែលទទួលបាន ពីសេចក្ដីជ្រះថ្លា ព្រមទាំងការកសាងត្រៃធំ និងបរិក្ខាផ្សេងៗ សម្រាប់ជួយទ្រទង់ជីវភាពព្រះសង្ឃ និងការកសាងសមិទ្ធផលនានា នៅក្នុងវត្ត អូរត្រេះនេះ។
លោក អាចារ្យ សាន សុម៉េន បានមានប្រសាសន៍ថា៖ បុណ្យ កសាងអង្គកឋិនទាន ជាបុណ្យដ៏ធំមួយមានប្រវត្តិ កំណើតតាំងពីក្នុងសម័យកាលដែលព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងទ្រង់គង់ នៅ ហើយក្នុងសម័យបុព្វកាលនោះ មានសេដ្ឋីអាណាបណ្ឌិតជាអ្នកផ្តួចផ្តើម កសាងអង្គកឋិនទានមុនគេថ្វាយព្រះសម្មាសម្ពុទ្ធ។
លុះដល់វេលាព្រឹក ថ្ងៃ អាទិត្យ ២កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមសុខ រំដួល និងព្រះតេជគុណ មាស សុផល ចៅអធិការវត្តអូត្រេះ រួមនិង ថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងស្ថាប័ននានា , ពុទ្ធបរិស័ទជិតឆ្ងាយ និង សប្បុរសជនជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីដង្ហែរអង្គព្រះកឋិនទានដ៏ធំនេះ ដើម្បី វេរប្រគេនព្រះសង្ឃគង់នៅវត្ត អូរត្រេះ។
ពិធីបុណ្យបានប្រារព្ធនូវការដង្ហែរប្រទក្សិណ ជាកិច្ចគោរពចំពោះ ព្រះរតនត្រ័យ បន្ទាប់មក ឯកឧត្តមសុខ រំដួល និង ព្រះតេជគុណ មាស សុផល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងពុទ្ធបរិស័ទ បានប្រារព្ធនូវបទ នមស្សកា ព្រះរតនត្រ័យ សមាទានសីល។ លំដាប់អំពីនេះ បាននិមន្តព្រះសង្ឃ បំពេញកិច្ចក្នុងពីធីវេរប្រគេនអង្គកឋិនទាន ស្វាធ្យាយពុទ្ធជ័យមង្គលប្រគេនត្រ័យ លៀងទេយ្យទាន និងបវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ។
ជាមួយគ្នានេះ បានប្រគេន គ្រឿងបរិក្ខា នៃអង្គព្រះកឋិនទាន និងបច្ច័យសង្កត់លើត្រ័យ ដែលជាសទ្ធាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងស្ថាប័ននានា សប្បុរសជន និងពុទ្ធបរិស័ទចំណុះ ជើងវត្ត វេរប្រគេនព្រះសង្ឃសម្រាប់ជាគុណប្រយោជន៍ ក្នុងការជួយទ្រទ្រង់ជីវភាពព្រះសង្ឃ និងការកសាងសមិទ្ធផលនានាក្នុងវត្តអូត្រេះនេះ។ បច្ច័យដែលទទួលបានស៊ីអង្គកឋិនទាន នាពេលនេះ សរុបទាំងអស់ គឺមាន ចំនួន១១៦.៩៨០០០៛(មួយរយដប់ប្រាំមួយលាន ប្រាំបួនសែន ប្រាំបីម៉ឺន)រៀល និង ប្រាក់ដុល្លា សរុប ចំនួន ៧១៣២$(ប្រាំពីរ ពាន់ មួយរយ សាមសិបពីរ) ដុល្លា។
ថ្លែងនៅក្នុងឱកាសនោះផងដែរ ព្រះតេជគុណមាសសុផលព្រះចៅអធិការវត្តអូរត្រេះបានមាន ថេរៈដីកា ថា៖ បច្ច័យដែលទទួលបានពីការគ្រងអង្កឋិនទាននៅពេលនេះគឺយកទៅ កសាង សាលាបាលីដែលមានទទឹង ៩ ម៉ែត្រ និង បណ្ដោយ ៥០ ម៉ែត្រ ដែលបច្ចុប្បន្នកំពុងតែសាងសង់បាន ៦០ ភាគរយហើយ។
ព្រះតេជគុណ មាស សុផល បានមានថេរ:ដីកា បន្តថា៖ បច្ច័យ ដ៏ច្រើនសន្ធឹកសន្ធាប់ បែបនេះ ព្រះអង្គប្រគល់ជូន លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ដើម្បីយកទៅរក្សាទុក នៅសាលាក្រុងព្រោះមានសុវត្ថិភាព ព្រះតេជគុណថា៖ នៅ ពេលណា ដែលត្រូវ ការ ទិញសម្ភារៈ សាងសង់សាលាបាលី នេះ ព្រះអង្គនឹងដកយកមកវិញ៕ ដោយ ៖ មនោរាហ៍