គិតត្រឹមថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងពីគណបក្ស និងភាគីពាក់ព័ន្ធចំនួន ១០៣ បណ្ដឹង ក្នុងនោះដោះស្រាយបានចំនួន ៤១ បណ្ដឹង និងកំពុងបន្តដោះស្រាយចំនួន ៦២បណ្ដឹង។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ គ.ជ.ប. បានទទួលពាក្យបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា ចំនួន ៥ បណ្ដឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ៩៤ បណ្ដឹង និងប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ៤ បណ្ដឹង សរុបចំនួន ១០៣ បណ្ដឹង។ក្នុងចំណោមបណ្ដឹងទាំងនេះមាន ៥៥ បណ្ដឹងត្រូវបានប្ដឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាពាក្យបណ្ដឹងសុំឱ្យផ្ដន្ទាទោស និង ៤៨ បណ្ដឹងប្ដឹងផ្ទាល់នៅ គ. ជ.ប ជាករណីប្ដឹងមន្ដ្រីបោះឆ្នោត និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
សូមជម្រាបថា គ.ជ.ប បញ្ចប់ការចុះឈ្មោះតាមឃុំ-សង្កាត់ ក៏ប៉ុន្ដែពុំមានន័យថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលសម្រាប់ឆ្នាំ ២០២០ ត្រូវបញ្ចប់ទាំងស្រុងនោះទេ គឺនៅមាននីតិវិធីជាច្រើនបន្តបន្ទាប់ទៀត ក្នុងនោះមានការបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស និងការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធជាដើម៕