ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ចំនួន១.២៣៧គ្រួសារទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកព្រៃនប់សរុបចំនួន១,២៣៧ គ្រួសារ។

លោក សរ កក្កដា អភិបាល ស្រុកព្រៃនប់បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្រុកព្រៃនប់បានទទួលរងគ្រោះជំនន់ទឹកភ្លៀងដោយឥទ្ធិពលព្យុះ។ ថ្ងៃនេះសាខាកាកបាទក្រហមខេត្ត នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១,២៣៧គ្រួសារ មកពីឃុំចំនួន ៤ មានឃុំ ព្រៃនប់៤០២គ្រួសារ ឃុំទួលទទឹង៣៤៣គ្រួសារ ឃុំអណ្តូងថ្ម៣៥២គ្រួសារ និងឃុំសំរុង១៤០គ្រួសារ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសរងគ្រោះដោយជំនន់ទឹកភ្លៀងក៏ដូចជាគ្រោះធម្មជាតិផ្សេងៗ។

ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងចរន្តអគ្គីសនី សត្វអសិរពិស ជាពិសេសកូនក្មេង។ ទន្ទឹមនោះ ឯកឧត្តមប្រធានបានក្រើនរំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ក៏ដូចជាភ្ញៀវទេសចរ មុននឹងចេញទៅកម្សាន្ត ឬចេញទៅធ្វើការនេសាទត្រូវមានការប្រុងប្រយ័ត្ន និងត្រូវពិនិត្យតាមដានអំពីស្ថានភាពអាកាសធាតុ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាថាហេតុ។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន ៖ ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ១បាវ = ២៥គីឡូក្រាម – ត្រីខកំប៉ុង ១យួរ =១០កំប៉ុង – ទឹកត្រី១យួរ = ៦ដប -សាប៊ូ ១ដុំ – ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)។ ក្នុងនោះដែរព្រះតេជព្រះគុណ ប៊ុន ណេង ចៅអធិការវត្តឥន្ទញ្ញាណ និងញាតិព្រះធម៌ បានចូលរួមឧបត្ថម១០០គ្រួសារមាន ៖ អង្ករ២៤គីឡូ ចំនួន១០០បាវ -មី ១០០កេសតូច -ត្រីខកំប៉ុង ១០០យួរ និងថវិកា២លានរៀល៕ ដោយ ៖ មនោរាហ៍