សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តជួនសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរត្រៀមពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងទៀត សម្រាប់ពលរដ្ឋក្រោយទឹកជំនន់។
ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ តុលានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមខេត្តក្រុងដែលរងគ្រោះដោយសារទឹកជំនន់១៩ រាជធានី-ខេត្ត។ សម្តេចតេជោ បានស្នើឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ត្រូវផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋទទួលទាន ជាមួយនឹងការរក្សាអនាម័យខ្ពស់ ដើម្បីធានាមិនឲ្យពលរដ្ឋណាម្នាក់កើត ជំងឺរាគរូស ចុកក្អួត ប៉ះពាល់ដល់សុខភាព។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រាប់ឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្ត ជួយដឹកជញ្ជូន និងជួយជួសជុលលំនៅដ្ឋានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្រោយជំនន់បានបញ្ចប់។ ពិសេសរាជរដ្ឋាភិបាល ត្រូវ មានភារកិច្ច ជាច្រើនទៀត ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ អណ្តូងទឹកជូនប្រជាពលរដ្ឋ និងផ្តល់ពូជស្រូវ ពូជបន្លែ សម្រាប់ពលរដ្ឋធ្វើការដាំដុះក្រោយទឹកជំនន់។
…….សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា….
ឯ.ឧ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ដល់ ក្រុង-ស្រុកចំនួន៦ របស់ខេត្តរួមមាន ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។ របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ១៨នាក់ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ លិចសន្ទូង៤៩ ៣៤៣ហិកតា លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម៕