វេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិល២០២១-២០២៣របស់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃអង្គារ ៤ កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០។ នៅសាលប្រជុំធំ នៃសាលា ខេត្តព្រះសីហនុ។ បានប្រារព្ធពិធី បើក វេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំកម្មវិធី
វិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) នៃសាលា ខេត្តព្រះសីហនុ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ឯកឧត្តមជាឆោមសមាជិក ក្រុមប្រឹក្សាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង អភិបាលរង និង ប្រធានរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ ក្នុង សាលាខេត្ត និង មន្ត្រីនៃមន្ទីរពាក់ព័ន្ធជុំវិញ ខេត្តព្រះសីហនុ ទាំងអស់ផងដែរ។

ថ្លែងនៅក្នុងឱកាសបើក វេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)នេះ ឯកឧត្តម គួច ចំរើនមអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានលើកឡើងថា៖ តាមសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត ការបង្កើតឡើងនូវវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ទាំងរបស់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ប្រកប ដោយ តម្លាភាព មាន ការចូលរួម មានសង្គតិភាព និងពិសេស គឺពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្តា រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមគួចចំរើនមានប្រសាសន៍បន្ថែមថា៖ ការរៀប ចំវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបី ឆ្នាំរំកិលនៅថ្នាក់ខេត្ត គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្សាតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ អង្គការ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវរបស់ប្រជាពលរដ្ឋក្នុង ខេត្ត ប្រកបដោយប្រសិទ្ធភាព ។ ដូចនេះ ដើម្បីឱ្យវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តិទៅ ទទួលបានផ្លែផ្កាជាវិជ្ជមាន ។

ចុងបញ្ចប់នៃវេទិកានេះ ឯកឧត្តម គួច ចំរើន បាន ជំរុញ ឱ្យ អស់លោក លោកស្រី ក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តនិងតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានចូលរួមនាពេលនេះ ត្រូវព្យាយាមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រាព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធនឹង ឈ្មោះមន្ទីរ-អង្គភាព ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធន៍មួយៗដែលនឹងអនុវត្ត គម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះគម្រោង និងទីតាំងគម្រោងដែលត្រូវអនុវត្តក្នុងដែនដី របស់ខ្លួនដោយតម្លាភាព ហើយសង្ឃឹមថានឹងអាចឈានទៅដល់មានការសម្រប សម្រួលគ្នា ដើម្បីឲ្យការវិនិយោគ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន ប្រព្រឹត្តទៅបានដោយរលូន មានសង្គតិភាព និងប្រសិទ្ធភាព ៕ ដោយ ៖ មនោរាហ៍