ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម បើកកិច្ចប្រជុំពិនិត្យ កិច្ចព្រម ព្រៀងក្របខ័ណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទីពីរ ដើម្បីពិនិត្យលើ ១) កិច្ចព្រមព្រៀងក្របខ័ណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ និងដំណោះ ស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន និង២) វឌ្ឍនភាពនៃការរៀបចំសំណើគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយ ប៉ែត -អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប”។

ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានឱ្យដឹងថាកិច្ចព្រម ព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន YCH ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់ ហើយនដែល នឹងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀតពីអង្គប្រជុំ ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង ព្រមទាំងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។ ដោយឡែកវឌ្ឍភាពនៃការ រៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនូវចក្រទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប” ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញថា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) ត្រូវបានសាងសង់អគាររដ្ឋបាលរួចរាល់ ព្រមទាំងបានដាក់ឱ្យដំណើរការបណ្ដោះអាសន្នផងដែរ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀប ចំគម្រោងចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដ៏ទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលនាំឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍមជ្ឈ មណ្ឌលភ័ស្តុភារកម្មភ្នំពេញធ្វើឡើង ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ទាក់ទងនឹងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែកយ៉ាងសកម្មក្នុងលើសកម្ពស់ការប្រកួតប្រជែងលើវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានសារទរចំពោះការខិតខំប្រឹងប្រែងទាំងនេះ ព្រមទាំងបានណែនាំស្ថាប័នទទួលបន្ទុការងារនេះ សិក្សាពីតម្រូវការចាំបាច់របស់ក្រុមហ៊ុន YCH ថាតើក្រុមហ៊ុននេះមានតម្រូវការអ្វីខ្លះដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលនេះ ហើយរាជរដ្ឋាភិបានមានលទ្ធភាពដោះស្រាយបានប៉ុនណា ដើម្បីជួយជំរុញឱ្យគម្រោងនេះកាន់តែមានវឌ្ឍនភាពឆ្ពោះទៅមុខ។ ការជ្រើសរើសគំរូអាជីវ កម្ម បែបណានោះ នឹងធ្វើឡើងបន្ទាប់ពីការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ព្រោះលទ្ធផលនៃការ សិក្សានេះ គឺជាគន្លឺះ និងទឡ្ហីករណ៍ដ៏សំខាន់ ក្នុងការជ្រើស រើសប្រភេទគំរូអាជីវកម្មនៃគម្រោងនេះ។ ដោយឡែកទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃនិងកម្ពុជា-វៀតណាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងបន្ទាន់ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត និងឱ្យបានទាន់ពេលវេលា។ ចំណែកឯ គម្រោងសម្រាប់រយៈពេលខ្លី និងមធ្យម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ឱ្យសិក្សាឱ្យកាន់តែលម្អិតបន្ថែមទៀត៕9