ភ្នំពេញ ៖ សមាជិកសភាអឺរ៉ុប ៦នាក់ រួមមានជនជាតិអង់គ្លេស ព័រទុយហ្គាល់ ប៊ុលហ្គារី ហូឡង់ ស៊ុយអ៊ែត និងអេស្ប៉ាញ ត្រូវបានក្រសួងការបរទេស ប្រកាសផ្សព្វផ្សាយ និងដាក់ក្នុងបញ្ជីរឹតបន្តឹងចូលកម្ពុជា។ ជាមួយនឹងសេចក្តីប្រកាសនេះ ក្រសួងក៏បានបង្ហាញឈ្មោះ និងរូបថតរបស់សមាជិកសភាអឺរ៉ុប ទាំង៦នាក់ នោះផងដែរ ដើម្បីបញ្ជូនភ្ជាប់នឹងលិខិតជម្រាបទៅកាន់ឯកអគ្គរាជទូត និងអគ្គកុងស៊ុល កុងស៊ុលកិត្តិយស កម្ពុជា ទាំងអស់ដែលប្រចាំនៅបរទេស។
ជនបរទេស ៦នាក់ ជាសមាជិកសភាអឺរ៉ុប ដែលក្រសួងការបរទេស បានដាក់ចូលក្នុងបញ្ជីរឹតបន្តឹង ហាមចូល កម្ពុជា រួមមាន ៖ ១-លោក Phill Bennion ជនជាតិ អង់គ្លេស ២-លោកស្រី Ana Gomes ជនជាតិ ព័រទុយហ្គាល់ ៣-លោក Ithan Kyuchyuk ជនជាតិ ប៊ុលហ្គារី ៤-លោក Johannes Cornelis van Baalen ជនជាតិ ហូឡង់ ៥-លោកស្រី Abir Al Sahlani ជនជាតិ ស៊ុយអែត ៦-លោក Javier Nart ជនជាតិ អេស្ប៉ាញ ក្នុងលិខិត ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស បានជម្រាបទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅបរទេស ក្នុងកម្មវត្ថុ ស្តីពីការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពពេលផ្តល់ទិដ្ឋាការចូលកម្ពុជា។
នោះគឺក្រសួងការបរទេស ស្នើស្ថានតំណាងកម្ពុជា ប្រចាំបរទេសទាំងអស់៖ ពិនិត្យមើលឲ្យបានហ្មត់ចត់ និង ច្បាស់លាស់ពីគោលបំណងរបស់ជនបរទេស ដែលស្នើសុំទិដ្ឋា ការចូលកម្ពុជា ដើម្បីធានាសន្តិសុខ និងសុវត្ថិ ភាព ក៏ដូចជាការពារអធិបតេយ្យភាពជាតិ។ បដិសេធការផ្តល់ទិដ្ឋាការដល់ជនបរទេសណា ដែលមានបំណង គាំទ្រ ឬការពារជនទាំងឡាយណា ដែលត្រូវបានផ្តន្ទាទោស ឬកំពុងជាប់ទោសដោយសាលដីកាតុលាការ កម្ពុជា៕