ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសស៊ុយអែត សម្រេចជួយអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល៥ឆ្នាំបន្ថែមទៀត ដើម្បីអោយកម្ពុជាកាន់តែមានភាពរីកចម្រើន ជាពិសេសប្រែក្លាយជាប្រទេសដែលមានចំណូលសេដ្ឋកិច្ចខ្ពស់។
ថ្លែងក្នុងឱកាសចូលជួបជម្រាបលា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៤ ខែកក្កដា លោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ដែលត្រូវចប់អាណត្តិប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសស៊ុយអែត កំពុងតែកសាង យុទ្ធសាស្ត្រអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល៥ឆ្នាំទៀត ដោយគិតចាប់ពីឆ្នា២០២០-២០២៤ខាងមុខនេះ ដើម្បី ជួយដល់កម្ពុជាអោយកាន់តែមានភាពជឿនលឿន និងប្រែក្លាយទៅជាប្រទេស ដែលមានការអភិវឌ្ឍន៍ខ្ពស់ ប្រកបដោយចីរភាព។
នេះបើតាមការឲ្យដឹងពី លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបទ្វេភាគីនេះ។
លោក កេត សោផាន់ បានអោយដឹងទៀតថា លោកជំទាវឯកអគ្គរដ្ឋទូត បានលើកពីការប្ដេជ្ញាចិត្តបន្តជួយគាំទ្រដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ពីសំណាក់រដ្ឋាភិបាលស៊ុយអែត ក៏ដូចជារំលេចឲ្យឃើញ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូយ៉ាងល្អ រវាងរដ្ឋាភិបាល ប្រទេសស៊ុយអែត និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
បើតាមការបញ្ជាក់របស់លោក កេត សោផាន់ គឺឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពី ប្រទេសស៊ុយអែត ដែលធ្លាប់ផ្ដល់ជំនួយសហប្រតិបត្តិការ បោសសម្អាតមីននៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤ ហើយសង្ឃឹមថា ស៊ុយអែតនឹងពិចារណាបន្តនូវគម្រោងជួយបោសសម្អាតមីននៅកម្ពុជាបន្ដទៀត បន្ទាប់ពីបានផ្អាកមួយរយៈ។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា កម្ពុជា-ស៊ុយអែត បានប្ដេជ្ញារួមគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំជាងមុនថែមទៀត៕