រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជា ប្រទេសតូច តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ

ឯ.ឧ សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៏ថា កម្ពុជា ជាប្រទេសតូច និងមានធនធានតិច តែកម្ពុជាបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការកំណត់យកការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធី បើក«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១» នាទីស្តីការក្រសួងបរិស្ថាន។

ឯ.ឧ សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៏ថា ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំប្រឹងប្រែងកាត់បន្ថយការប្រែប្រួលអាកាស ធាតុ តាមរយៈការបង្កើតគម្របព្រៃឈើ និងពង្រីកតំបន់ការពារ និងអភិរក្ស។ ឯ.ឧ រដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌគតិយុត្តស្ថាប័ន និងបច្ចេកទេស សម្រាប់កម្មវិធីកាត់បន្ថយការបំភាយ ដែលកើតឡើងដោយសារការកាប់ព្រៃ ឈើការសឹករិចរឹលព្រៃឈើ ហៅកាត់ថា REDD+ កំពុងមានវឌ្ឍនភាពយ៉ាង ល្អ និងត្រូវសម្រេចបានជាស្ថាពរនៅចុងឆ្នាំនេះ។ ទោះបីកម្ពុជា ជាប្រទេស បញ្ចេញឧស័្មនផ្ទះកញ្ចក់តិចតួច ប៉ុន្តែកម្ពុជា មាន ការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទះ ខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយផ្នែកលើសមត្ថភាព និងធនធានដែលមាន។ សូមជម្រាបថា កម្ពុជា មិនត្រឹមតែបានចូលជាសមាជិកស្ទើរគ្រប់អនុសញ្ញា និងពិធីសារពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានល្អប្រសើរ រហូតត្រូវបានទទួលស្គាល់ និងកោតសរសើរ ពីសហគមន៏អន្តរជាតិ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានឲ្យដឹងដែរថា ក្រសួងបាន បង្កើនការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈ ការបង្កើតតំបន់ការពារ ធម្ម ជាតិ ដែលបច្ចុប្បន្ន មានផ្ទៃដីសរុបចំនួនជាង៧លាន ហិចតា ហើយបានរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង បោះ បង្គោលព្រំ ដី បណ្តុះបណ្តាលមន្ត្រីជំនាញ និងឧទ្យានុរក្ស បំពាក់ឧបករណ៏ មធ្យោបាយ និងសម្ភារៈចាំបាច់ ពង្រីកការងារល្បាត និងអនុវត្តវិធានការច្បាប់លើបទល្មើសធនធានធម្មជាតិ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រែក្លាយអនុសាសន៍ ដែលកើតចេញពីសន្និបាតនេះ ទៅជាគំនិតផ្តួចផ្តើមគោលនយោបាយ ផែន ការសកម្មភាពគម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍនិងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ៕