ខេត្ត៣របស់កម្ពុជា បានបញ្ចប់ការបោះបង្គោលខណ្ឌព្រំសីមាជាស្ថាពរជាមួយប្រទេសវៀតណាម

ការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកកម្ពុជា ជាមួយប្រទេសវៀតណាម ត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ខណៈនៅសល់ខេត្តចំនួន ៦ទៀតកំពុងបន្តធ្វើការងារដើម្បីបញ្ចប់ឲ្យបានឆាប់។

តាមការឱ្យដឹងពីលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំរដ្ឋសភា ដែលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកស្រីលើកឡើងថា នេះជាសមិទ្ធផលប្រវត្តិសាស្រ្តលើកដំបូង សម្រាប់កម្ពុជា ដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតកគ្រប់ជំនាន់តទៅ។

សូមជម្រាបថា កម្ពុជា មានព្រំដែនជាមួយវៀតណាម ប្រមាណ ១២៧០គីឡូម៉ែត្រ។ ខេត្តកម្ពុជាដែលជាប់ព្រំដែនគោកជាមួយវៀតណាមរួមមាន ខេត្តកំពត,តាកែវ, កណ្តាល, ព្រៃវែង, ស្វាយរៀង, ត្បូងឃ្មុំ, ក្រចេះ, មណ្ឌលគិរី និងរតនគិរី។ ប្រទេសទាំងពីរបានឯកភាពលើខ្សែព្រំដែនបានប្រមាណជា ៨៤% និងសល់ ១៦% កំពុងបន្តដោះស្រាយ។

កាលពីខែសីហា ឆ្នាំ២០២០ កម្ពុជា-វៀតណាម បានប្រគល់ និងទទួលយកផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥ ០០០។ ផែនទីនេះ ត្រូវបានបោះពុម្ពដោយក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក៕